(បាងកក)៖ ប្រទេសថៃ កំពុងខិតកាន់តែជិតទៅរកការបញ្ចប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ប្រទេសមិនមែនសហភាពអឺរ៉ុបចំនួនបួន គឺប្រទេសស្វីស ន័រវែស អ៊ីស្លង់ និងលីកធិនស្តាញ ដែលស្ថិតក្រោមសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ដោយដកស្រង់សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មថៃថា អ្នកស្រី Pimchanok Pitfield ឯកអគ្គរដ្ឋទូតថៃប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានជួបពិភាក្សាក្រៅផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាមួយអ្នកស្រី Helene Budliger Artieda ប្រធានលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ចនៃប្រទេសស្វីស ដើម្បីពិភាក្សាអំពីការចរចាដែលកំពុងបន្ត។
សេចក្តីប្រកាសព័ត៌មានបានបន្តថា បន្ទាប់ពីកិច្ចប្រជុំនោះ អ្នកស្រី Pimchanok ហាក់មានសុទិដ្ឋិនិយមថា ការចរចានឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ អ្នកស្រី Pimchanok ក៏បានជំរុញឱ្យភាគីស្វីស បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសថៃផងដែរ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ទៅវិញទៅមករបស់ប្រទេសទាំងពីរ។
អ្នកស្រីបានបន្ថែមថា ឥឡូវនេះប្រទេសថៃ កំពុងរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត។ ប្រទេសថៃបានលើកទឹកចិត្តឱ្យប្រទេសស្វីស និងប្រទេសផ្សេងទៀតនៅក្នុងប្លុក EFTA វិនិយោគលើគម្រោងទាំងនេះ។ ប្រទេសអឺរ៉ុបទាំងនេះ មានជំនាញខាងបច្ចេកវិទ្យាទំនើប ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕