(ហ្សាការតា)៖ ទិន្នន័យពីការិយាល័យស្ថិតិឥណ្ឌូណេស៊ី បានបង្ហាញកាលពីថ្ងៃសុក្រថា ទិន្នផលស្រូវនៅក្នុងរដូវប្រមូលផល ចាប់ពីខែមករាដល់ខែមេសារំពឹងថា នឹងធ្លាក់ចុះ ១៧,៥២% ធៀបនឹងឆ្នាំមុន ដែលរងផលប៉ះពាល់ ដោយសារអាកាសធាតុស្ងួត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ស្ថិតិ ដែលចេញផ្សាយដោយការិយាល័យស្ថិតិថា ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានផលិតស្រូវចំនួន ៣១,១លានតោនក្នុងឆ្នាំ២០២៣ ហើយការិយាល័យនេះ បានប៉ាន់ប្រមាណថា ទិន្នផលពីខែមករាដល់ខែមេសាមានចំនួន ១០,១លានតោនធ្លាក់ចុះពី ១២,៩៨លានដោនកាលពីឆ្នាំមុន។

ការិយាល័យស្ថិតិបានឱ្យដឹងទៀតថា បាតុភូតអាកាសធាតុអែលនីណូ បានបង្អាក់ការដាំដុះរបស់កសិករមួយចំនួន ក្នុងរយៈពេលពីខែតុលាដល់ខែធ្នូ ដោយតំបន់ផលិតស្រូវរំពឹងថា នឹងធ្លាក់ចុះប្រហែល ១៦ភាគរយក្នុងចន្លោះខែមករាដល់ខែមេសា។

លោក M. Habibullah មន្ត្រីជាន់ខ្ពស់មកពីការិយាល័យនេះ បានប្រាប់អ្នកយកព័ត៌មានថា៖ «ទំហំផ្ទៃដីមិនទាន់ដាំដុះកាន់តែច្រើន នឹងប៉ះពាល់ដល់ទំហំប្រមូលផល នៅដើមឆ្នាំ២០២៤»

ការរំពឹងទុកផលិតកម្មទាបនេះ បានជំរុញឱ្យតម្លៃលក់រាយសម្រាប់អង្ករកើនឡើង ដោយជំរុញឱ្យអត្រាអតិផរណាក្នុងខែកុម្ភៈ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងខ្បស់ជាងការព្យាករ។ សន្ទស្សន៍តម្លៃអង្ករលក់រាយរបស់ស្ថាប័នស្ថិតិ ដែលគ្របដណ្ដប់លើគ្រាប់ធញ្ញជាតិទាំងអស់ ស្ថិតនៅតម្លៃ ១៥,១៥៧រូពៀ (០,៩៦៦៣ដុល្លារ) ក្នុងមួយគីឡូក្រាមក្នុងខែកុម្ភៈ ដែលជាតម្លៃខ្ពស់បំផុតដែលមិនធ្លាប់មាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕