(ភ្នំពេញ)៖ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យ បានចែករំលែកនូវចំណុចសំខាន់ៗ២ចំណុច ដែលជំរុញឲ្យអាជីវកម្មរឹងមាំ និងឆ្ពោះទៅរកភាពជោគជ័យ ក្នុងនោះរួមមានការចេះដឹកនាំជាមួយគំនិតថ្មីៗ និងភាពរឹងមាំនៃហិរញ្ញវត្ថុ។
ការចែករំលែករបស់លោកឧកញ៉ា នួន រិទ្ធី ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍របស់ឧកញ៉ា នួន រិទ្ធី ក្នុងការបង្កើត និងដឹកនាំក្រុមហ៊ុន KFA »។
ឧកញ៉ា នួន រិទ្ធី បានថ្លែងឲ្យដឹងថា ដើម្បីធ្វើអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យ អ្នកត្រូវដឹកនាំត្រូវផ្ដោតលើគំនិតថ្មីៗឲ្យបានច្រើន បង្កើតគំនិតថ្មីៗឲ្យច្រើន ត្រូវមានគំនិតរចនាលើក្រុមហ៊ុន ឲ្យស្របនឹងទីផ្សាររបស់ប្រទេស និងការរៀបចំធនធានមនុស្ស ឲ្យស្របនឹងកន្លែងដែលពួកគេមានសមត្ថភាពធ្វើ។ ក្នុងនោះការច្របាច់បញ្ចូលគ្នារវាងអ្នកដឹកនាំ និងបុគ្គលិក ឲ្យក្លាយជាធ្លុងមួយ ទើបធ្វើឲ្យទីផ្សាររីកចម្រើនបាន។
លោកឧកញ៉ាបានបន្ដថា «ក្រៅពីនោះផ្នែកហិរញ្ញវត្ថុជាផ្នែក រឹង និងសំខាន់ ព្រោះថាបើការបើកក្រុមហ៊ុនមួយ មិនមានហិរញ្ញវត្ថុរឹងមាំនោះទេ នោះនឹងមិនអាចរុញឲ្យអ្នកដើរបានទៅរកគោលដៅនោះទេ ក៏ព្រោះថា ការបើកអាជីវកម្មមួយ មិនអាចបើកភ្លាមទទួលបានជោគជ័យភ្លាមនោះទេ ដោយសារតែក្រុមហ៊ុនយើងជាក្រុមហ៊ុនថ្មី ដូច្នេះក្រុមហ៊ុនត្រូវការពេលវេលា ហិរញ្ញវត្ថុ ក្នុងការដើរឆ្ពោះទៅរកគោលដៅ»។
លោកឧកញ៉ាបញ្ជាក់ថា ដើម្បីធ្វើឲ្យអាជីវកម្មដើរទៅមុខបាន ក្រៅពីផ្នែកហិរញ្ញវត្ថុ ចំណុចសំខាន់មួយទៀត គឺការចូលរួមរបស់អ្នកដឹកនាំ គឺត្រូវរួមចំណែករហូតដល់៧០ភាគរយ ក្នុងនោះអ្នកដឹកនាំត្រូវមានគុណវឌ្ឍន៍ដូចជា ចំណេះជំនាញចិត្តសាស្រ្ដ ក្នុងការបញ្ចុះបញ្ចូលត្រូវចេះ និងដឹងក្នុងការធ្វើការជាមួយបុគ្គលិក ធ្វើយ៉ាងណាដើម្បីរុញបុគ្គលិក ឲ្យអាចបំពេញការងារបានល្អ។ ក្រៅពីនោះក្នុងនាមជាអ្នកដឹកនាំត្រូវបែកចែក ត្រូវចេះផ្ដល់អត្ថប្រយោជន៍អ្វីមួយ ទៅកាន់បុគ្គលិក មានន័យថា ក្នុងការបំពេញការងារ តើបុគ្គលិកណាគួរទទួលបានអត្ថប្រយោជន៍បែបណា?៕