(ភ្នំពេញ)៖ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានគូសបញ្ជាក់ថា វិស័យអនចលទ្រព្យនៅកម្ពុជា នាឆ្នាំ២០២៤នេះ បានបង្ហាញពីស្ថានភាពល្អប្រសើរជាងឆ្នាំមុន បើទោះបីជាមិនទាន់ល្អប្រសើរដូចមុនពេលរីករាលដាលជំងឺកូវីត១៩ក៏ដោយ ស្របពេលដែលការព្យាករណ៍សេដ្ឋកិច្ចឆ្នាំនេះនឹងមានកំណើនចន្លោះពី៦ទៅ៧%។
ឧកញ៉ា នួន រិទ្ធីបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ ស្តីពី «បទពិសោធន៍របស់ឧកញ៉ា នួន រិទ្ធី ក្នុងការបង្កើត និងដឹកនាំក្រុមហ៊ុន KFA » របស់បណ្តាញព័ត៌មាន Fresh News។
លោកបានលើកឡើងថា ទាំងទីផ្សារ និងការអភិវឌ្ឍន៍សាងសង់ គឺមានស្ថានភាពល្អ លើកលែងតែផ្នែកខ្លះមានបញ្ហាដោយសារការបាត់បង់ទំនុកចិត្តពីអតិថិជន ខណៈអតិថិជនបច្ចុប្បន្នបានកែប្រែឥរិយាបថនៃការទិញ ពោលគឺមិនមែនទិញតាមរយៈរូបថតទៀតនោះទេ គឺទិញរបស់ដែលមានពិត។
លោកបានពន្យល់បន្តថា ក្រោយពីសម្តេចធិបតីហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្រ្តី និងបានធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសជាច្រើនទាំងនៅអាស៊ី អឺរ៉ុប និងអាមេរិក ទាក់ទាញបានអ្នកវិនិយោគជាច្រើនមកបណ្តាក់ទុននៅកម្ពុជា ដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាចាប់ពីឆ្នាំ២០២៤ ហាក់មានភាពប្រសើរឡើង នៅតាមតំបន់មួយចំនួនដែលមានការអភិវឌ្ឍន៍។ តែយ៉ាងណាមិញសម្រាប់អភិវឌ្ឍន៍អគារខ្ពស់ មិនទាន់វិលមករកភាពល្អប្រសើរវិញនៅឡើយទេ។
លោកជឿជាក់ថា នៅឆ្នាំ២០២៥ តាមរយៈយុទ្ធសាស្រ្តកំណែទម្រង់របស់រាជរដ្ឋាភិបាល នឹងអាចទាក់ទាញវិនិយោគិនមកកាន់តែច្រើន ដែលនឹងធ្វើឱ្យទាំងសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនឹងកាន់តែមានភាពល្អប្រសើរ៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ ឧកញ៉ា នួន រិទ្ធី៖