(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី បានកំណត់កូតានាំចូលអង្ករបន្ថែមចំនួន ១,៦លានតោន សម្រាប់ឆ្នាំ២០២៤ បន្ទាប់ពីបាននាំចូលក្នុងបរិមាណជិតខ្ពស់បំផុត កាលពីឆ្នាំមុន ដោយសារភាពរាំងស្ងួត ដែលបង្កឡើងដោយបាតុភូតអាកាសធាតុអែលនីណូពន្យារពេល ការប្រមូលផលនៅក្នុងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កូតានាំចូលចុងក្រោយបំផុត ដែលបានធ្វើឡើងបន្ថែម ពីលើកូតាចំនួនជាង ២លានតោនដែលត្រូវបានអនុម័តកន្លងមក សម្រាប់ឆ្នាំ២០២៤ បានធ្វើឡើងក្នុងគ្រាដែលមានការរំពឹងទុកថា ការប្រមូលផលក្នុងរយៈពេលពីខែមករា ដល់ខែមីនា នឹងទាបជាងឆ្នាំមុនដោយសារការភ្លៀងធ្លាក់ ស្ថិតក្រោមកម្រិតធម្មតានៅកោះជ្វា ដែលជាតំបន់ដាំដុះស្រូវដ៏សំខាន់របស់ប្រទេស។
ពាណិជ្ជករអង្ករដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី បានប្រាប់រ៉យទ័រថា៖ «ការទិញអង្កររបស់ឥណ្ឌូណេស៊ី បាននិងកំពុងជំរុញឱ្យតម្លៃពិភពលោក កើនឡើងខ្ពស់ ហើយព័ត៌មាននេះបង្កើនសន្ទុះបន្ថែមទៀត ដល់ទីផ្សារ»។
តម្លៃអង្ករអាស៊ីបានកើនឡើងជិតដល់កម្រិតខ្ពស់ ក្នុងរយៈពេល ១៦ឆ្នាំបន្ទាប់ពីប្រទេសឥណ្ឌា ដែលជាអ្នកផ្គត់ផ្គង់អង្ករកំពូលរបស់ពិភពលោក បានដាក់កម្រិតដល់ការនាំចេញកាលពីឆ្នាំមុន។ តម្លៃអង្ករស្ងោ (parboiled rice) ដែលនាំចេញពីប្រទេសឥណ្ឌាបានកើនឡើង ដល់កម្រិតខ្ពស់ក្នុងសប្តាហ៍នេះ ដោយសារការផ្គត់ផ្គង់មានកម្រិត និងការកើនឡើងតម្រូវការតិចតួច។ តម្លៃអង្កររបស់ប្រទេសថៃ និងវៀតណាមបានកើនឡើងជិតដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០០៨។
ទិន្នផលទាបរបស់ឥណ្ឌូណេស៊ី គំរាមកំហែងបន្ថែមទៀត ដល់ការផ្គត់ផ្គង់ដែលជំរុញឱ្យតម្លៃអង្ករឡើងថ្លៃ។ មន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌណេស៊ីលោក Arif Sulistiyo បាននិយាយក្នុងអំឡុងកិច្ចប្រជុំប្រចាំសប្តាហ៍ របស់រដ្ឋាភិបាល ដែលផ្សាយផ្ទាល់ថា ផលិតកម្មស្រូវនៅខែមករា ដល់ខែមីនារបស់ឥណ្ឌូណេស៊ី ត្រូវបានរំពឹងថានឹងទាបជាង ២,៨២លានតោនបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ នៅអាស៊ីអាគ្នេយ៍ បាននាំចូលអង្ករចំនួន ៣,០៦លានតោនក្នុងឆ្នាំ២០២៣ ដែលជាបរិមាណមួយជិតដល់កម្រិតខ្ពស់បំផុត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕