(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ (PPSP) ទទួលប្រាក់ចំណេញសុទ្ធកើនឡើងដល់ ៧.៨៨លានដុល្លារ ដែលកើនឡើងប្រមាណ២៧៦% បើធៀបនឹងឆ្នាំ២០២២។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ថ្លៃភាគហ៊ុនរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ មានសភាពធូរថ្លៃខ្លាំងបើធៀប នឹងភាពរីកចម្រើនរបស់ក្រុមហ៊ុន ក្នុងរយៈពេលប៉ុន្នានឆ្នាំនេះ និងលើកទឹកចិត្តឱ្យវិនិយោគិន ងាកមកវិនិយោគរយៈពេលវែង ក្នុងបរិបទនៃស្ថានភាពទីផ្សារបច្ចុប្បន្ន។
របាយការណ៍ប្រាក់ចំណេញសុទ្ធរបស់ PPSP និងការលើកឡើងរបស់មេផ្សារហ៊ុន ធ្វើឡើងកម្មវិធី «វេទិកាក្រុមហ៊ុនចុះបញ្ជី» រៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា សហការជាមួយរ៉ូយ៉ាល់គ្រុប ភ្នំពេញអេសអ៊ីហ្សិត ក្រោមប្រធានបទ «វឌ្ឍនភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក»។
លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ភ្នំពេញអេសអ៊ីហ្សិត បានបញ្ជាក់ថា ចាប់តាំងពីអ្នកឧកញ៉ា គិត ម៉េង បានក្លាយជាប្រធានក្រុមប្រឹក្សាឃើញថា រ៉ូយ៉ាល់គ្រុប ភ្នំពេញអេសអ៊ីហ្សិត ទទួលបានការចាប់អារម្មណ៍កាន់តែច្រើន និងទទួលបានវិនិយោគិនចូលមកវិនិយោគ និងធ្វើរោងចក្រកាន់តែច្រើនឡើង។
លោកបានបន្ដថា «ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនទទួលបានលទ្ធផលគួរឱ្យរីករាយ ទៅលើប្រាក់ចំណេញសុទ្ធ ដែលបានកើនឡើងដល់ ៧,៨៨លានដុល្លារ ដែលកើនឡើងប្រមាណ២៧៦% បើធៀបនឹងឆ្នាំ ២០២២។ ក្រុមហ៊ុនក៏កំពុងនឹងពង្រីកទីតាំងបន្ថែមប្រមាណ ១១០ហិតាបន្ថែមទៀត ហៅថា ភ្នំពេញអេសអ៊ីហ្សិត គម្រោងទី២ ឬមានឈ្មោះជាផ្លូវការថា រ៉ូយ៉ាល់គ្រុប កណ្តាលអេសអ៊ីហ្សិត»។
លោកបានបន្ដថា ក្នុងនោះយើងក៏ទទួលបានការវិនិយោគ លើរោងចក្រដំឡើងរថយន្តតូយ៉ូតា និងក្រុមហ៊ុនផ្សេងទៀតជាច្រើនផងដែរ ដែលនឹងអាចដាក់ដំណើរការនាពេលខាងមុខ។
លោក ហុង សុហួរ បានលើកឡើងពីសក្តានុពលនៃភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលស្របទៅនឹងការរីកចម្រើននៃ សេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ ផ្នែកឧស្សាហកម្ម និងផលិតកម្ម។
លោក ហុង សុហួរ បានលើកទឹកចិត្តឱ្យវិនិយោគិន ងាកមកវិនិយោគរយៈពេលវែង ក្នុងបរិបទនៃស្ថានភាពទីផ្សារបច្ចុប្បន្ន ព្រោះភាគហ៊ុនរបស់យើងភាគច្រើននៅធូរថ្លៃ ដែលនេះនឹងធ្វើឱ្យវិនិយោគិន ដែលអាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើន។
លោកបានបញ្ជាក់ថា ថ្លៃភាគហ៊ុនរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ (PPSP) មានសភាពធូរថ្លៃខ្លាំងបើធៀបទៅនឹងភាពរីកចម្រើន របស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្នានឆ្នាំនេះ។
វេទិកាក្រុមហ៊ុនចុះបញ្ជីត្រូវបានរៀបចំឡើង ដើម្បីបើកឱកាសឱ្យវិនិយោគិន បានជួបថ្នាក់ដឹកនាំក្រុមហ៊ុនដោយផ្ទាល់ ក៏ដូចជាបន្ថែមចំណេះដឹង និងព័ត៌មានល្អៗជូនវិនិយោគិន ដើម្បីឱ្យពួកគាត់កាន់តែមានទំនុកចិត្ត និងអាចធ្វើការសម្រេចចិត្តវិនិយោគបានដោយឆ្លាតវៃ។ វេទិកានេះក៏បានអនុញ្ញតឱ្យវិនិយោគិនអាចមកទស្សនាផ្ទាល់ ពីដំណើរការអាជីវកម្មរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញផងដែរ៕