(ភ្នំពេញ)៖ ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានចែករំលែកនូវគន្លឹះសំខាន់ៗ ដល់អ្នកកំពុងប្រកបអាជីវកម្ម ឬអ្នកមានបំណងចង់បោះជំហានចូលប្រកបអាជីវកម្ម ហើយឱ្យទទួលបានជោគជ័យ ជាពិសេសស្រ្ដី គឺត្រូវរៀនសិក្សាស្វែងយល់ឲ្យបានល្អិតល្អន់ ច្បាស់លាស់ សិក្សាស្វែងយល់ជាមុន មុននឹងចាប់ផ្ដើមនូវអាជីវកម្មអ្វីមួយ ចំពោះការប្រកបអាជីវកម្មដូចគ្នា សូមកុំគ្រាន់តែស្ដាប់ និងជឿ ឬធ្វើតាមអ្នកដទៃ ដោយមិនបានសិក្សាស្វែងយល់ដោយខ្លួនឯង។
ការចែករំលែកគន្លឹះសំខាន់ៗ របស់លោកស្រីឧកញ៉ា កែវ មុំ ធ្វើឡើងក្នុងកម្មវិធីក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពអាជីវកម្មស្រ្តី នៅក្នុងបរិបទវិបត្តិសេដ្ឋកិច្ច»។
លោកស្រីឧកញ៉ា កែវ មុំ បានថ្លែងថា ចំពោះគោលការណ៍ នៃការប្រកបអាជីវកម្មមិនតម្រូវថា ត្រូវចាប់ផ្ដើមពីតូច ឬធំនោះទេ ប៉ុន្ដែអាស្រ័យលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ផ្នែកហិរញ្ញវត្ថុ, សមត្ថភាព, ក្រុមការងារ, ការយល់ដឹងច្បាស់លាស់ពីអាជីវកម្ម ដែលបម្រុងនឹងធ្វើ ក៏ព្រោះថាប្រសិនបើមិនមានចំណេះដឹងពីអាជីវកម្ម ដែលខ្លួនបម្រុងនឹងធ្វើទេ អាច ឬត្រូវតែនឹងប្រឈមការក្ស័យធន់ បរាជ័យជាក់ជាពុំខាន។ ដូច្នេះមុននឹងចាប់ផ្ដើមអាជីវកម្មអ្វីមួយ ត្រូវសិក្សាឲ្យបានច្បាស់លាស់ពីអាជីវកម្មនោះ ជៀសវាងការជឿអ្នកដទៃ ដោយពុំមានមូលដ្ឋានច្បាស់លាស់ ព្រោះអាចប្រឈមនឹងការបរាជ័យ។
លោកស្រីឧកញ៉ា កែវ មុំ បានថ្លែងបន្ដថា មួយរយៈចុងក្រោយនេះ ការចាប់ផ្ដើមអាជីវកម្មមួយចំនួនពិតជាមានហានិភ័យ ក្នុងនោះការទិញ Franchise ក៏រួមចំណែកផងដែរ ព្រោះថាការទិញ Franchise ភាគច្រើននៃម្ចាស់អាជីកម្មដែលទិញ ពុំសូវបានប្រើប្រាស់ចំណេះដឹង ជំនាញ ដោយផ្ទាល់ក្នុងការធ្វើនោះទេ ដោយសារតែមានការបណ្ដុះបណ្ដាល ការរៀបចំពីម្ចាស់ Franchise ស្ទើរតែទាំងស្រុង មួយវិញទៀតម្ចាស់អាជីវកម្មដែលទិញ Francaise ពុំសូវបានអនុវត្តដោយផ្ទាល់ឡើយ ដោយប្រើបុគ្គលិកក្នុងការបំពេញការងារប៉ុណ្ណោះ កត្តាទាំងនេះហើយដែលធ្វើឲ្យអាជីវកម្មមានហានិភ័យខ្ពស់។
លោកស្រីឧកញ៉ាបានបញ្ជាក់ថា ប៉ុន្ដែប្រសិនបើម្ចាស់អាជីវកម្មដែលបានទិញ Franchise បានចុះអនុវត្តដោយផ្ទាល់ នៅពេលមានបញ្ហាអ្វីមួយ ម្ចាស់អាជីវកម្មតែងតែដោះស្រាយបានទាន់ពេលវេលា ដូច្នេះទើបធ្វើឲ្យម្ចាស់អាជីវកម្ម ដែលបានទិញ Franchise មួយចំនួនមិនបានប្រឈមបញ្ហានោះទេ៕
សូមទស្សនាវីដេអូការលើកឡើងរបស់ឧកញ៉ា កែវ មុំ៖