(ភ្នំពេញ)៖ ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) បានលើកទឹកអ្នកជំនួញស្រ្តីទាំងអស់ ទោះបីជាជួបបញ្ហាអាជីវកម្ម ក្នុងស្ថានភាពមានវិបត្តិសេដ្ឋកិច្ចក៏ដោយ សូមកុំបាក់ទឹកចិត្ត ត្រូវធ្វើខ្លួនឱ្យរឹងមាំ ដើម្បីរិះរកវិធីប្រែក្លាយវិបត្តិទៅជាឱកាស។
ឧកញ៉ា កែវ មុំ លើកទឹកអ្នកជំនួញស្រ្តីបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពអាជីវកម្មស្រ្តី នៅក្នុងបរិបទវិបត្តិសេដ្ឋកិច្ច» របស់បណ្តាញព័ត៌មាន Fresh News។
លោកស្រីមានប្រសាសន៍បន្តថា «នៅពេលដែលជួបវិបត្តិអ្វីមួយ ក៏យើងមិនទន់ជ្រាយ មិនបាក់ទឹកចិត្ត ប្រសិនបើយើងបាក់ទឹកចិត្ត យើងទោទន់ទៅតាមស្ថានភាពដែលកើតឡើង ធ្វើឱ្យវិបត្តិរបស់យើងកាន់តែធ្ងន់ធ្ងរថែមទៀត ប៉ុន្តែបើយើងឈរក្នុងភាពមួយឱ្យរឹងមាំ នោះយើងអាចនឹងមើលឃើញស្ថានភាពមួយ គឺវិបត្តិក៏មិនមែនជាបញ្ហាទាំងស្រុងដែរ ពេលខ្លះវិបត្តិវាក៏ជាឱកាសមួយនៅក្នុងហ្នឹង ដែលយើងអាចរកប្រាក់ចំណូល ពីក្នុងវិបត្តិហ្នឹងបាន»។
លោកស្រីបានកត់សម្គាល់ថា អ្នកជំនួញស្រ្តីមិនមែនតែកម្ពុជាទេ ដែលជួបបញ្ហា សូម្បីតែអ្នកជំនួញស្ត្រីនៅតំបន់អាស៊ី និងបណ្តាប្រទេសផ្សេងទៀត នៅលើពិភពលោក គឺសុទ្ធតែជួបបញ្ហា ដោយសារតែពួកគេមានតួនាទី និងទំនួលខុសត្រូវច្រើនក្នុងគ្រួសារ បន្ថែមពីលើការធ្វើអាជីវកម្ម ជាហេតុដែលធ្វើឱ្យពួកគេងាយនឹងបាត់បង់ឱកាសជាងបុរស ប៉ុន្តែបីជាយ៉ាងណាក៏ដោយស្រ្តី នៅតែអាចមានសមត្ថភាពច្រើន ក្នុងការធ្វើការងារច្រើន ក្នុងពេលតែមួយបាន៕
សូមស្តាប់ការពន្យល់របស់ឧកញ៉ា កែវ មុំ៖