(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ការនាំចេញអង្ករទៅកាន់ទីផ្សារនៅបណ្តាប្រទេសក្នុងហគមន៍អឺរ៉ុបការរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលគឺឡើងប្រមាណជាង៥០%នៃការនាំចេញសរុបរបស់កម្ពុជានៅខែដំបូង បើទោះបីជាការដឹកជញ្ជូនពីកម្ពុជាទៅអឺរ៉ុបកំពុងជួបឧបសគ្គដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ។
យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៤នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ មានចំនួន ជាង២៥០០០តោន ទទួលបានទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក ពោលគឺទីផ្សារសហគមន៍អឺរ៉ុបបានគ្របដណ្តប់ចំនួន ៥៤% នៃការនាំចេញសរុបក្នុងខែមករា ដែលជាកំណើនដ៏ល្អមួយ។
លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កត្តាចម្បងដែលជំរុញឱ្យការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបកើនឡើង ដោយសារការទទួលបានការអនុគ្រោះពន្ធឡើងវិញពីអឺរ៉ុប ស្របពេលដែលអង្ករកម្ពុជាមានរសជាតិឆ្ងាញ់ដែលប្រជាពលរដ្ឋអាស៊ីរស់នៅអ៊ឺរ៉ុបចូលចិត្តបរិភោគ។
កត្តាសំខាន់មួយទៀតគឺការធ្វើពិធកម្មទីផ្សារនៃផលិតផលមួយចំនួន។ តាមរយៈការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងសហគ្រិនខ្មែ បានជួយឧបត្ថម្ភដល់សហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើឱ្យក្រុមហ៊ុនជិត១០បានរៀបចំពន្លា តាំងផលិតផលស្រូវអង្ករកម្ពុជានៅក្នុងព្រឹត្តិការពិព័រណ៍ម្ហូបអាហារអន្តរជាតិ (ANUGA FOOD FAIR 2023) នាថ្ងៃទី៧ ដល់ ១១ ខែតុលា ឆ្នាំ២០២៣ នាទីក្រុង កូឡូញ ប្រទេសអាឡឺម៉ង់ ដែលតាមរយៈការតាំងពិព័រណ៍នេះ មានអតិថិជនថ្មីមួយចំនួន ដែលមិនធ្លាប់ស្គាល់ និងទិញអង្ករកម្ពុជា បានចាប់ផ្តើមទិញផ្ទាល់ពីកម្ពុជា។
ជាមួយគ្នានេះ លោកបញ្ជាក់ផងដែរថា ករណីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅកាហ្សា បើទោះបីជាបង្កឧបសគ្គដល់ការជញ្ជូនទំនិញពីកម្ពុជាទៅអឺរ៉ុបក៏ពិតមែន ប៉ុន្តែក៏ជាផ្នែកមួយជំរុញឱ្យការបញ្ជាទិញអង្ករពីកម្ពុជាកើនឡើងផងដែរ ដោយសារតែអ្នកទិញមួយចំនួនមានការព្រួយបារម្ភទាក់ទងនឹងការផ្គត់ផ្គង់ និងការដឹកជញ្ជូន ដូច្នេះបានជំរុញឱ្យប្រទេសមួយចំនួនដែលមានតម្រូវការអង្ករ បានបញ្ជាទិញទុកបំរុង បង្ការពេលមានបញ្ហា ពួកគេមានស្តុកអង្ករនៅក្នុងប្រទេសរបស់ខ្លួន។
តែយ៉ាងណាមិញ លោកបារម្ភថា ការអូសបន្លាយនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងធ្វើឱ្យតម្លៃដឹកជញ្ជូនបន្តកើនឡើងដែលនាំឱ្យប៉ះពាល់ដល់ប្រទេសនាំចូលមួយចំនួន ដែលពឹងផ្អែកលើការផ្គត់ផ្គង់អង្ករពីប្រទេសក្នុងតំបន់អាស៊ី។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា បន្ទាប់ពីមានគម្រាមកំហែងពីក្រុមឧទ្ទាមហ៊ូទី នៅសមុទ្រក្រហម បានធ្វើឱ្យតម្លៃដឹកជញ្ជូនពីកម្ពុជាទៅអឺរ៉ុប កើនឡើងបីដងនៃតម្លៃធម្មតា ពោលគឺតម្លៃធម្មតា ត្រឹមតែជាង៣ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន បានកើនឡើងដល់តម្លៃចន្លោះ ពីជាង៩ពាន់ដុល្លារដល់ជាង១ម៉ឺនដុល្លារក្នុងមួយជើង ព្រោះកប៉ាល់ត្រូវបើកវាងផ្លូវ និងបើរយៈពេលដឹកជញ្ជូនយូរជាងមុន។
គួរជម្រាបផងដែរថា ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករ ក្នុងបរិមាណ ៤៦ ២២១ តោន ទទួលបានទឹកប្រាក់ ជាង ៣២.៦២លានដុល្លារ សហរដ្ឋអាមេរិក កើនឡើងចំនួនជិត ២៦% បើធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០២៣៕