(ភ្នំពេញ)៖ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរក្សាបាននូវស្ថេរភាពល្អប្រសើរ ទោះបីជាមិនសូវមានកំណើនគួរឲ្យកត់សំគាល់យ៉ាងណាក្ដី។
ក្នុងនោះតាមរបាយការណ៍ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ ដោយមិនរាប់បញ្ចូលទិន្នន័យពីគ្រឹះស្ថានធនាគារ បានផ្តល់ឥណទានចំនួន ៥.១២ពាន់លានដុល្លារទៅឱ្យអតិថិជនចំនួន ១.៥៧លានគណនី។
ទន្ទឹមនឹងនេះប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង៤មានចំនួន២.២ពាន់លានដុល្លារពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ ២.០១លានគណនីគិតត្រឹមរយៈពេលដូចគ្នា។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក កាំង តុងងី បានថ្លែងថា ជារួមក្នុងឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនមានកំណើនគួរឲ្យកត់សំគាល់នោះទេ ហើយនៅរយៈពេល ២ត្រីមាសចុងក្រោយនេះ មានការធ្លាក់ចុះបន្ដិចបន្ដួចលើទំហំឥណទាន និងចំនួនអតិថិជន ប៉ុន្ដែវិស័យហិរញ្ញវត្ថុនៅតែរក្សាបាននូវស្ថេរភាពល្អប្រសើរ។
លោកបានបន្ដថា ការធ្លាក់ចុះនៃទំហំឥណទាននេះជារឿងធម្មតា ដោយសារតែបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ដូច្នេះកំណើនឥណទានក៏មានការធ្លាក់ចុះតាមនេះដែរ។
លោកបានបញ្ជាក់ថា «ទោះជាយ៉ាងនេះក្ដី បើក្រឡែកមើលទិន្នន័យជារួមឃើញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានតួនាទីសំខាន់ និងមានស្ថេរភាពល្អប្រសើរ ដែលនឹងអាចបន្ដផ្ដល់សេវាហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មិនថាអ្នកមានចំណូលខ្ពស់ ទាប ឬចំណូលមធ្យមនោះទេ ចំពោះសេវាហិរញ្ញវត្ថុរួមមានការផ្ដល់ឥណទាន ការដាក់ប្រាក់បញ្ញើរ, ការទូទាត់ផ្សេងៗ គឺស្រប់តាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា»។
វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ការងារដោយផ្ទាល់ ដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ២១ ៥៦៧នាក់ នៅទូទាំងប្រទេសជាមួយនឹងបណ្តាញប្រតិបត្តិការចំនួន ៩០៤ការិយាល័យ៕