(ភ្នំពេញ)៖ ​ស្វាយចន្ទីរបស់កម្ពុជា ​ទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ដែលផលិតច្រើនគ្រាប់ឆៅច្រើនជាងគេ ​ក្នុងពិភពលោក ពីអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤។

សន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ​ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រតិភូសនិ្នសីទស្វាយចន្ទីពិភពលោក តំណាងដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថា អង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ចំណាត់លេខ៣ ដល់ដំណាំស្វាយចន្ទីកម្ពុជា គឺផ្អែកទៅចំនួននៃការផលិតស្វាយចន្ទីឆៅរបស់ប្រទេស​កម្ពុជា។

លោកបានឱ្យដឹងថា នៅឆ្នាំ២០២៣​ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានប្រមាណជាង ៦៥ម៉ឺនតោន ដែលបង្ហាញថា ការផលិតស្វាយចន្ទីរបស់កម្ពុជា មានចំនួនធំនៅលំដាប់ទី ៣ក្នុងពិភពលោក។ ចំណែកប្រទេសឈរនៅលំដាប់លេខ១ គឺប្រទេសកូឌីវ័រ និងទី២ គឺប្រទេសឥណ្ឌា។

​ទោះបីជាកម្ពុជា ​​ផលិតគ្រាប់ស្វាយចន្ទីបានច្រើន​ក៏ដោយ ប៉ុន្តែកម្ពុជាមិនមែនជាប្រទេសផលិតកែច្នែនោះទេ។ ប្រទេសដែលបានកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេ គឺប្រទេសវៀតណាម​ បន្ទាប់មកគឺឥណ្ឌា និងទី៣.ប្រទេសប្រេស៊ី។

លោករំពឹងថា ការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងមានចំនួនច្រើនជាងបច្ចុប្បន្ននេះ ខណៈបច្ចុប្បន្ននេះ សមាគមស្វាយចន្ទីកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងសហការជាមួយភាគីពាក់ព័ន្ធ ដោយបានទាក់ទាញវិនិយោគិនមួយចំនួនឱ្យមកបណ្តាក់ទុនវិនិយោគកែច្នៃស្វាយចន្ទីនៅកម្ពុជា ក្នុងនោះមានដូចជា ក្រុមហ៊ុន CSNC របស់សិង្ហបុរី ក្រុមហ៊ុននីរ៉ាត់ របស់ជប៉ុន និងក្រុមហ៊ុន កម្ពុណាត់ អាហ្គ្រីខលឈើ របស់ចិន ដែលកំពុងដំណើរការច្រវ៉ាក់ផលិតកម្ម។

លោកបន្ថែមថា «ទោះជាយ៉ាងនេះក្តី យើងត្រូវរោងចក្រ ៣០បន្ថែមទៀត ​ទើបយើងអាចគ្រប់គ្រាន់ក្នុងការស្រូបយកវត្ថុធាតុដើមដែលផលិតនៅក្នុងស្រុក និងអាចផ្តល់តម្លៃបន្ថែមដល់កសិករ និងរក្សានូវស្ថេរភាព នៃតម្លៃគ្រាប់ស្វាយចន្ទីជូនកសិករ និងបង្កើតការងារក្នុងសហគមន៍។ ក្នុងនោះដែរ សមាគមស្វាយចន្ទីកម្ពុជាបានបង្កើត និងតែងតាំង ប្រធានតំណាងសមាគមស្វាយចន្ទីកម្ពុជា នៅប្រទេសឥណ្ឌា ប្រទេសចិន ជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីទាក់ទាញវិនិយោគិន និងរកទីផ្សារបន្ថែមសម្រាប់ផលិតផលស្វាយចន្ទីកម្ពុជា»

បើតាមប្រធានសមាគមស្វាយចន្ទី កាលពីឆ្នាំ២០២១ កម្ពុជាធ្លាប់បានជាប់ចំណាត់ថ្នាក់ទី១ ដែលផលិតគ្រាប់ស្វាយចន្ទីឆៅច្រើនជាងគេនៅលើពិភពលោក ដោយផលិតបាន ១​ ១៨០ ០០០ តោន។ ឆ្នាំ២០២២ ជាប់ចំណាត់ថ្នាក់លេខ២ ដោយផលិតបាន ៦៩ម៉ឺន៕

<