(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋប្រមាណ ៥ម៉ឺននាក់ បាននិងកំពុងមានសកមម្មភាពទិញលក់ភាគហ៊ុន ដែលទាំងនេះបានបញ្ជាក់ថា សាធារណជន និងអ្នករកស៊ីក្នុងវិស័យមូលបត្រ បានកើនឡើង ខណៈពីមុនមានមិនដល់ ១០០នាក់ផង។

ការលើកឡើងរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS របស់បណ្តាញព័ត៌មាន Fresh News ពិភាក្សាលើប្រធានបទ៖ «ការកៀរគរមូលធនយកទៅវិនិយោគ ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា»

លោក ស៊ូ សុជាតិ បានបញ្ជាក់បន្ថែមថា កាលចាប់ផ្ដើមដំបូងអ្នកដែលមានសិទ្ធិទិញភាគហ៊ុន ទាល់តែអ្នកមានលេខអត្តសញ្ញាណវិនិយោគិន ដែលចេញឲ្យដោយនិយ័តករមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ បានថ្លែងថា «បច្ចុប្បន្នមានសាធារណជន និងអ្នករកស៊ីបានស្គាល់វិស័យមូលបត្រជាច្រើន ដោយកាលពីមុនការចាប់ផ្ដើមដំបូងនៃវិស័យមូលបត្រ សឹងតែមានអ្នកទិញមិនដល់ ១០០នាក់ផង ប៉ុន្ដែពេលនេះនិយាយជាលេខមូល ប្រជាជនប្រមាណ៥ម៉ឺននាក់ កំពុងផ្ដោតភ្នែក កំពុងមានសកម្មភាពទិញ លក់ភាគហ៊ុនលើទីផ្សារ»