(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានមើលឃើញកំណើនចំនួនភ្ញៀវទេសចរ ១១៥% ដល់ ១៣,៦ លាននាក់ក្នុងឆ្នាំ ២០២៣ ធៀបនឹងចំនួន ៦,៣ លាននាក់ក្នុងឆ្នាំ២០២២ ដែលឆ្លើយតបទៅនឹងការព្យាកររបស់ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ដែលថានឹងមានភ្ញៀវទេសចរពី ១២លានទៅ ១៤លាននាក់។ នេះបើយោងតាមកាសែត Channel News Asia។

ចំនួននេះស្មើនឹងប្រហែល ៧១% នៃចំនួនភ្ញៀវទេសចរដែលបានទៅទស្សនាប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅឆ្នាំ ២០១៩ មុនពេលការធ្វើដំណើរអន្តរជាតិត្រូវបានផ្អាកនៅឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

កាសែត Channel News Asia បានរាយការណ៍ថា ការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនេះត្រូវបានជំរុញដោយតម្រូវការខ្លាំងពីទីផ្សារចម្រុះ ដែលនាំមុខដោយប្រទេសឥណ្ឌូណេស៊ី (២,៣លាននាក់) ចិន (១,៤លាននាក់) និងម៉ាឡេស៊ី (១,១លាននាក់)។ ទីផ្សារសំខាន់ៗផ្សេងទៀតរួមមាន អូស្ត្រាលី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ប្រាក់ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសសិង្ហបុរីត្រូវបានរំពឹងថានឹងមានចំនួន ២៤,៥ពាន់លានដុល្លារសិង្ហបុរី (១៨,២ពាន់លានដុល្លារអាមេរិក) ដល់ ២៦ពាន់លានដុល្លារសិង្ហបុរីសម្រាប់ឆ្នាំ២០២៣ ដែលលើសពីការព្យាកររបស់ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីដែលថាមានចន្លោះពី ១៨ពាន់លានដុល្លារសិង្ហបុរីទៅ ២១ពាន់លានដុល្លារសិង្ហបុរី។ បរិមាណនេះស្មើនឹងប្រហែល ៨៨ ទៅ ៩៤% នៃកម្រិតឆ្នាំ២០១៩ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីនៅថ្ងៃព្រហស្បតិ៍៕