(បាងកក)៖ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ បាននិយាយកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ស្ថិតក្នុងស្ថានភាពនៃការដើរថយក្រោយ នៃសេដ្ឋកិច្ចដោយសារបំណុលគ្រួសារខ្ពស់ ដែលបង្កើនសម្ពាធលើធនាគារកណ្តាលឱ្យកាត់អត្រាការប្រាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកអនុរដ្ឋមន្ត្រី Julapun Amornvivat ក៏បាននិយាយផងដែរថា រដ្ឋាភិបាលបានប្តេជ្ញាដំណើរការផែនការឧបត្ថម្ភសាច់ប្រាក់ដែលមានទំហំ ៥០០ពាន់លានបាត (១៤ពាន់លានដុល្លារ) ដើម្បីផ្តល់ប្រាក់ចំនួន ១ម៉ឺនបាត (២៨១ដុល្លារ) ទៅឱ្យប្រជាជនថៃចំនួន ៥០លាននាក់ ហើយសង្ឃឹមថា ការពន្យារពេលដាក់ឱ្យដំណើរការរផែនការនេះនឹងមិនយូរទេ។

លោកបានថ្លែងថា អត្រាការប្រាក់គោលនយោបាយរបស់ប្រទេសថៃ ដែលមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ ២,៥ភាគរយ គួរតែត្រូវបានកាត់បន្ថយនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយបន្ទាប់របស់ធនាគារកណ្តាលថៃដែលគ្រោងធ្វើនៅថ្ងៃទី៧ ខែកុម្ភៈ ដើម្បីជួយបន្ថយការចំណាយលើការខ្ចីប្រាក់។

លោក Julapun ត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «អត្រានេះគួរតែត្រូវបានបន្ទាបព្រោះអត្រាការប្រាក់ខ្ពស់ឥឡូវនេះគឺជាបន្ទុករបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមិនអាចរស់បាន»

ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន ក៏បានជំរុញឱ្យធនាគារកណ្តាលថៃកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនផងដែរដើម្បីជួយជំរុញសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះដែលលោកនិយាយថាកំពុងស្ថិតក្នុងវិបត្តិ។

ទេសាភិបាលធនាគារកណ្តាលថៃលោក Sethaput Suthiwartnaruput ដែលបានរងការរិះគន់ពីនាយករដ្ឋមន្ត្រីចំពោះការមិនកាត់បន្ថយអត្រាការប្រាក់បើទោះបីជាអតិផរណាអវិជ្ជមានក៏ដោយនោះ បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា កំណើនសេដ្ឋកិច្ចមានសភាពយឺតជាងការរំពឹងទុក ប៉ុន្តែសេដ្ឋកិច្ចមិនស្ថិតក្នុងវិបត្តិនោះទេ។ លោក Sethaput បាននិយាយថា អត្រាគោលនយោបាយបច្ចុប្បន្នគឺ «អព្យាក្រឹតយ៉ាងទូលំទូលាយ»

ធនាគារកណ្តាលបានរក្សាអត្រាគោលនយោបាយរបស់ខ្លួននៅដដែលក្នុងអត្រា ២,៥ភាគរយនៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួនក្នុងខែវិច្ឆិកាបន្ទាប់ពីបានដំឡើងចំនួន ២០០ពិន្ទុមូលដ្ឋានគិតចាប់តាំងពីខែសីហា ឆ្នាំ២០២២មក ដើម្បីទប់ស្កាត់អតិផរណា៕