(មូស្គូ)៖ ក្រុមហ៊ុន Hyundai បានឱ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់រោងចក្ររបស់ខ្លួននៅរុស្ស៊ីចំនួនពីរទីតាំង ដោយធ្វើឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះក្លាយជាក្រុមហ៊ុនផលិតរថយន្តពិភពលោកចុងក្រោយគេដែលបានចាកចេញពីប្រទេសរុស្ស៊ីចាប់តាំងពីជម្លោះអ៊ុយក្រែនបានចាប់ផ្តើម។

ក្រុមហ៊ុនរុស្ស៊ី Art-Finance ដែលជាអ្នកទិញរោងចក្រទាំងពីរនេះត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ខ្លួនបានបញ្ចប់ការទិញរោងចក្រនៅទីក្រុង St. Petersburg របស់ក្រុមហ៊ុន Hyundai កាលពីថ្ងៃទី២៤ខែមករា ហើយបានទទួលការយល់ព្រមពីរដ្ឋាភិបាលរុស្ស៊ី និងទីភ្នាក់ងារប្រឆាំងការធ្វើអាជីវកម្មផ្តាច់មុខរបស់រដ្ឋសហព័ន្ធ។

ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងភាគច្រើនបានផ្អាកផលិតកម្ម ហើយបានចាកចេញពីទីផ្សាររុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ជូនកងទ័ពទៅកាន់ឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ការចាកចេញរបស់ក្រុមហ៊ុនទាំងនេះដែលជារឿយៗធ្វើឡើងតាមរយៈការលក់ក្នុងតម្លៃថ្លៃទាបជានិមិត្តរូប ខណៈដែលរុស្ស៊ីបានបង្កការលំបាកក្នុងការទាញយកមូលនិធិ។

ក្រុមហ៊ុន Hyundai បានឱ្យដឹងកាលពីខែធ្នូថា ខ្លួនគ្រោងនឹងលក់ទ្រព្យសម្បត្តិនៅរុស្ស៊ីរបស់ខ្លួនក្នុងតម្លៃ ១ពាន់រូប្ល (១១១,៦៩ដុល្លារ) ដោយខាតបង់ចំនួន ២៨៧ពាន់លានវ៉ុន (២១៤,៧លានដុល្លារ)។ ប្រតិបត្តិការនៅរោងចក្រធំរបស់ក្រុមហ៊ុនត្រូវបានផ្អាកនៅខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយក្រុមហ៊ុន Hyundai កាលពីថ្ងៃសុក្រថា ក្រុនហ៊ុន Hyundai បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់រោងចក្រផលិតនៅប្រទេសរុស្ស៊ីរបស់ខ្លួន ដោយមិនបានបញ្ចេញឈ្មោះថាក្រុមហ៊ុន Art-Finance គឺជាអ្នកទិញ តែកន្លងបាននិយាយថា ក្រុមហ៊ុនកំពុងចរចាជាមួយក្រុមហ៊ុនរុស្ស៊ីមួយនេះ។

ក្រុមហ៊ុន Art-Finance បាននិយាយថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Hyundai បានក្លាយជាផ្នែកមួយនៃក្រុមហ៊ុន AGR Group របស់ខ្លួន។ ក្រុមហ៊ុនបានបន្ថែមថា ទ្រព្យសម្បត្តិទាំងនេះ «រួមមានទីតាំងផលិតកម្មពីរកន្លែងរបស់ក្រុមហ៊ុនដែលមានទីតាំងនៅទីក្រុង St Petersburg គឺរោងចក្រនៅក្នុងតំបន់ឧស្សាហកម្ម Kamenka និងរោងចក្រនៅក្នុងតំបន់ឧស្សាហកម្ម Shushary»

រោងចក្រទីពីរជាកម្មសិទ្ធិរបស់ក្រុមហ៊ុន General Motors មុនពេលក្រុមហ៊ុន Hyundai បានទិញយកនៅឆ្នាំ២០២០។ រោងចក្រទាំងពីរនេះមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំបានប្រហែល 300,000 គ្រឿង៕