(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាព័ត៌មាន បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព ដែលតាមរយៈបច្ចេកវិទ្យាព័ត៌មាន ម្ចាស់អាជីវកម្ម អាចអភិវឌ្ឍបណ្តាញចែកចាយ ការគ្រប់គ្រងព័ត៌មាន និងការគ្រប់គ្រងហានិភ័យកាន់តែមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន។

ដោយយល់ពីសក្តានុពល និងសារៈសំខាន់នៃបច្ចេកវិទ្យាព័ត៌មាន ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាបានផ្តល់ការលើកទឹកចិត្តដល់សហគ្រាសក្នុងវិស័យនេះ ដោយបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការនូវ «គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម» ដើម្បីគាំទ្រដល់សហគ្រាសដែលស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

តាមរយៈគម្រោងខាងលើនេះ ធនាគារសហគ្រាស ធុនតូច និងមធ្យម (SME Bank) នឹងផ្តល់ជូននូវឥណទានក្នុងអត្រាការប្រាក់សមរម្យចាប់ពី ៥.៨៨% ជាមួយនឹងលក្ខខណ្ឌអនុគ្រោះ និងអត្ថប្រយោជន៍ជាច្រើនទៀត។

ម្ចាស់សហគ្រាសក្នុងវិស័យបច្ចេកវិទ្យា នឹងទទួលបានទំហំហិរញ្ញប្បទាន រហូត៤ពាន់លានរៀល ឬប្រមាណ១លានដុល្លារអាមរិក សម្រាប់ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ។

ទំហំហិរញ្ញប្បទាននេះនឹងផ្តល់រហូត៧០% នៃទ្រព្យធានាសម្រាប់ប្លង់ទន់ ឬរហូតដល់៨០%នៃតម្លៃទ្រព្យធានាសម្រាប់ប្លង់រឹង ដោយផ្តល់រហូតដល់៧ឆ្នាំសម្រាប់ទុនបង្វិល ឬ១០ឆ្នាំសម្រាប់ទុនវិនិយោគ។

សហគ្រាសដែលនឹងទទួលបានហិរញ្ញប្បទានសប្បទាននេះ គឺសហគ្រាសធុនតូច និងមធ្យមដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ទំនើបកម្មឌីជីថលដែលស្ថិតក្នុងប្រទេសកម្ពុជា, ជាប្រភេទសហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរយ៉ាងហោច៥១%។ សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យអទិភាព និងបានចុះបញ្ជីអាជីវកម្មត្រូវបានលើកទឹកចិត្ត ។ ចំណែកទ្រព្យធានាវិញ គឺមានដូចជា ដី ឬអគារ៕