(ភ្នំពេញ)៖ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានបំពេញកាតព្វកិច្ចប្រកាស និងបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារជាធរមាន, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ធូរបន្ថយបន្ទុក ដល់ប្រជាពលរដ្ឋដែលជា ម្ចាស់អចលនទ្រព្យ ដោយលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះអចលនទ្រព្យដែលមិនធ្លាប់បានចុះបញ្ជី ប្រកាស និងបង់ប្រាក់ពន្ធនាពេលកន្លងមក រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

អ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យ ត្រូវរួសរាន់ មកចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ដោយភ្ជាប់មកជាមួយ នូវឯកសារសំខាន់ៗមួយចំនួនដូចជា៖

* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ថតចម្លង)
* ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់ អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង)
* ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្ដោយ)
* រូបថតអចលនទ្រព្យ
* បំពេញទម្រង់ PT01
* វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)
* ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។

អ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មាន ជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូ ចបានបញ្ជាក់ខាងលើ រួមជាមួយបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) ឬប័ណ្ណសម្គាល់ការបង់ពន្ធ លើអចលនទ្រព្យ ចំពោះអចលនទ្រព្យដែល៖

* មូលដ្ឋានគិតពន្ធត្រូវ បានប្រែប្រួលដូចជា ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ ឬផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល

* អចលនទ្រព្យត្រូវបានផ្លាស់ប្ដូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ៕