(ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (CBC) បានលើកទឹកចិត្ត ដល់អតិថិជនទាំងអស់ ដែលកម្ចីប្រាក់ពីបណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ យកទៅប្រើប្រាស់ សូមមេត្តាប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីទទួលបានប្រាក់ចំណេញត្រឡប់មកវិញ និងបង់សង់ត្រឡប់ឲ្យបានទាន់ពេលវេលា ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុំប្រើប្រាស់ដើម្បីតែទិញសម្ភារៈនិយម ដែលអាចនឹងបង្ករឲ្យមានបំណុលវ័ណ្ឌក។

ថ្លែងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃកេរ្តិ៍ឈ្មោះមិនល្អ (ខូច CBC) លើការប្រើប្រាស់សេវា គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា» លោក អឿ សុធារ័ត្ន បានលើកឡើងថា សេវាហិរញ្ញវត្ថុប្រៀបបាន នឹងអាវុធមុខ២ ដែលតម្រូវឲ្យអតិថិជនប្រើប្រាស់សេវានេះ ប្រកបដោយភាពទទួលខុសត្រូវ និងប្រើប្រាស់សេវានេះ ដើម្បីស្វែងរកប្រាក់ចំណេញ ជៀសជាងការខ្ចីបុលយកទៅទិញសម្ភារៈនិយមផ្សេងៗ។

លោកបានបន្ដថា «ជាការពិតប្រសិនជាពលរដ្ឋជួបការលំបាក ក្នុងការដោះស្រាយនូវបញ្ហានៃហិរញ្ញវត្ថុ យើងជំរុញឲ្យពួកគាត់ជួបជាមួយស្ថាប័នហិរញ្ញវត្ថុ រិះរកវិធីសាស្រ្ដដោះស្រាយបញ្ហាទាំងនេះ ចៀសវាងការគេចវេសពីបំណុលតាមរូបភាពផ្សេងៗ»