(ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលកម្ពុជាជាប់កម្ចីជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយមានបញ្ហាក្នុងការសងត្រឡប់ គួរទៅពិភាក្សាជាមួយស្ថាប័នហិរញ្ញវត្ថុស្របច្បាប់ ជៀសវាងខូច CBC ដែលនាំឱ្យជះផលអវិជ្ជមាន នៅពេលត្រូវការកម្ចីលើកក្រោយ។
លោក អឿ សុធារ័ត្ន ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃកេរ្តិ៍ឈ្មោះមិនល្អ (ខូច CBC) លើការប្រើប្រាស់សេវា គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា ចំពោះអតិថិជនដែលជួបប្រទះនូវបញ្ហានូវការបង់សង ដោយសារតែវិបត្តិសេដ្ឋកិច្ច លើកទឹកឱ្យគាត់ពិភាក្សាជាមួយស្ថាប័នហិរញ្ញវត្ថុ ព្រោះស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា ដែលស្ថិតក្រោមធនាគារជាតិនៃកម្ពុជា មានគោលការណ៍ត្រឹមត្រូវ មានភាពបត់បែន និងមានភាពទន់ភ្លន់ នៅក្នុងការនិយាយចរចាជាមួយអតិថិជន និងរកដំណោះស្រាយដល់អតិថិជន។
លោកបន្ថែមថា «យើងជំរុញឱ្យគាត់ជជែកគ្នាជាមួយស្ថាប័នហិរញ្ញវត្ថុ នៅពេលដែលជជែកគ្នា ប្រហែលជាមាននូវគោលការណ៍កើតឡើង អាចថា ឥណទាននេះ គួរតែធ្វើការស្តារឡើងវិញ ឬយ៉ាងណាម៉េចដែរ? នៅពេលដែលគាត់យល់ព្រមគ្នា ក្នុងការស្តារឥណទានឡើងវិញ ប្រវត្តិគាត់បញ្ចូលនៅក្នុង CBC ក៏ត្រូវបញ្ចូលទៅតាមហ្នឹងដែរ»៕
សូមទស្សនាការលើកឡើងរបស់លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC: