(ហុងកុង)៖ លោក Jack Ma សហស្ថាបនិក និងលោក Joe Tsai ប្រធានក្រុមហ៊ុន Alibaba បានទិញភាគហ៊ុនត្រលប់មកវិញក្នុងតម្លៃរាប់លាននៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិនមួយនេះនៅត្រីមាសទី៤ ឆ្នាំ២០២៣ ដែលធ្វើភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីនៅសហរដ្ឋអាមេរិកមួយនេះកើនឡើងប្រហែល ៧សេនក្នុងមួយហ៊ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់កាសែត New York Times កាលពីថ្ងៃអង្គារដែលបានដកស្រង់ប្រភពមួយដែលបានដឹងពីបញ្ហានេះថា លោក Ma បានទិញភាគហ៊ុនដែលជួញដូរនៅទីក្រុងហុងកុងតម្លៃ ៥០លានដុល្លារអាមេរិក។
កាសែត New York Times បានបន្ថែមថា លោក Tsai ប្រធានក្រុមហ៊ុន Alibaba បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ដែលមានតម្លៃប្រហែល ១៥១លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី៤ តាមរយៈក្រុមហ៊ុនវិនិយោគគ្រួសាររបស់លោកគឺក្រុមហ៊ុន Blue Pool Management។
ក្រុមហ៊ុន Alibaba បានឱ្យដឹងកាលពីខែវិច្ឆិកាថា មូលនិធិត្រាស់គ្រួសាររបស់លោក Ma ដែលបានលាលែងពីតំណែងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba ក្នុងឆ្នាំ២០១៩ គ្រោងនឹងលក់ភាគហ៊ុន American Depository Shares ចំនួន ១០លានហ៊ុនអាមេរិករបស់ក្រុមហ៊ុន Alibaba Group Holdings ក្នុងតម្លៃប្រហែល ៨៧១លានដុល្លារ៕