(ភ្នំពេញ)៖ អ្នកជំនួញក្នុងវិស័យទេសចរណ៍បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ជាពិសេសការជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះលើការសងត្រឡប់របស់ម្ចាស់អាជីវកម្ម នៅខេត្តសៀមរាប មានធនាគារមួយចំនួន បានផ្តល់ការអនុគ្រោះ ដើម្បីបន្ធូរបន្ថយការចំណាយរបស់ម្ចាស់អាជីវកម្ម នៅក្នុងខេត្តនេះ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួន មានលទ្ធភាពទប់លំនឹងអាជីវកម្មរបស់ខ្លួន។
លោក ហ្វីលិប សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ម្ចាស់អាជីវកម្មនៅខេត្តសៀមរាម តែងតែទទួលបានការអនុគ្រោះពីធនាគារមួយចំនួន គួរឱ្យកត់សម្គាល់ ពោលគឺរហូតមកឆ្នាំ២០២២ ការសងត្រឡប់ទាំងការប្រាក់ និងប្រាក់ដើមមិនបានបង់ត្រឹមត្រូវនៅឡើយទេ ខណៈឆ្នាំ២០២៣ ការបង់សងទៅវិញក៏នៅមានបង់លក្ខណៈយោគយល់ ដើម្បីបន្ធូរបន្ថយការចំណាយរបស់ម្ចាស់អាជីវកម្មនៅក្នុងខេត្ត និងឱ្យម្ចាស់អាជីវកម្មទាំងនោះ អាចដំណើរការបន្តទៅមុខបាន។
លោកបានលើកឡើងបន្ថែមថា «អ្វីដែលរដ្ឋាភិបាល បានដាក់ចេញឱ្យធនាគារ សាម៉ីជួយសម្រួលឱ្យអ្នកកម្ចី នៅក្នុងប្រតិបត្តិការទេសចរណ៍ អាចបន្តការចរចាបង់ នៅក្នុងលទ្ធភាពដែលអាចទៅរួច គឺជាការជួយមួយដ៏ធំ ដើម្បីអាចឱ្យប្រតិបត្តិករ នៅខេត្តសៀមរាបអាចបន្តអាជីវកម្មតទៅមុខទៀត ព្រោះអីបើយើងមើលអំពីចំណូល ដែលចូលមកតាមរយៈភ្ញៀវទេសចរត្រឡប់មកវិញ គឺនៅឆ្ងាយ ហើយបើយើងបើកអាជីវកម្មឡើងវិញ គឺត្រូវការចំណាយច្រើន។ ហេតុនេះហើយចំណូលរបស់យើង គឺមិនអាចទប់នឹងចំណាយបានទេ អ៊ីចឹងការកាត់ចំណាយ ក្នុងការចរចាជាមួយនឹងធនាគារ ដើម្បីរកវីធីសាស្រ្ត និងចំណុចរួមណាមួយ គឺជារឿងសំខាន់ ហើយកន្លងមកនេះ ធនាគារសាម៉ីមួយចំនួន អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែរ»។
បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារការថយចុះនៃភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តប្រមាណជិតជាង ៩០%បានបិទអាជីវកម្មបណ្តោះអាសន្ន។ បើតាមលោកហ្វីលិប សែតកៅ មកទល់ពេលនេះ អាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបប្រមាណ ៦៥%ទៅ៧០% បានបើកដំណើរការឡើងវិញ។ ប៉ុន្តែយ៉ាងណាមិញ ការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិតិចតួច បានធ្វើឱ្យអាជីវកម្មទាំងនោះ នៅតែបន្តរងផលប៉ះពាល់ធ្ងន់ធ្ងរ។
ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានលើកឡើងថា ការជួយសម្រួលពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ពិតជាសំខាន់ខ្លាំង ដើម្បីឱ្យម្ចាស់អាជីវកម្មទាំងនោះ អាចទប់លំនឹងអាជីវកម្មបាន។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងជួយដល់វិស័យទេសចរណ៍ នៅខេត្តសៀមរាប ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណ៍-ណែនាំ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះឥណទានដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយត្រូវអនុវត្តនូវលក្ខខណ្ឌអនុគ្រោះមួយចំនួន ដូចជា ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់, ការលើកលែង ឬបន្ថយទ្រព្យធានា, ការពន្យារឥណប្រតិទាន, ការបន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន, ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់ការប្រាក់,ទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន,ការបន្ថយលក្ខខណ្ឌកិច្ចសន្យា និង/ឬ ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង (Grace period) ដែលអាចមានរយៈពេលរហូតដល់ ៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមករានេះថា លក្ខខណ្ឌអនុគ្រោះមួយចំនួន ដែលបានដាក់ចេញដោយធនាគារជាតិ ត្រូវបានធនាគារពាណិជ្ជបានអនុវត្ត ផ្តល់ការអនុគ្រោះដល់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍តាំងពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ។
យ៉ាងណាមិញលោកលើកឡើងថា បញ្ហាប្រឈមខ្លាំង សម្រាប់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍នាពេលបច្ចុប្បន្ននេះ គឺអ្នកប្រកបរបរក្នុងវិស័យនេះ បានជួបប្រទះនូវបញ្ហានូវការបង់សង (ខូច CBC) ដែលជាបញ្ហាធ្វើឱ្យម្ចាស់អាជីវកម្មទាំងនោះ ពិបាកក្នុងការទទួលបានឥណទានថ្មី សម្រាប់យកមកពង្រឹងអាជីវកម្ម៕
សូមជម្រាបថា រាជរដ្ឋាភិបាល តាមរយៈធនាគារ SME Bank បានសម្រេចទម្លាក់នូវទឹកប្រាក់បឋមចំនួន ៥០លានដុល្លារអាមេរិក សម្រាប់ផ្តល់ឥណទានជួយដល់ម្ចាស់អាជីវកម្ម វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។
តាមរយៈកម្មវិធីកម្ចីនេះ សហគ្រាសក្នុងវិស័យគោលដៅ ដែលស្ថិតនៅខេត្តសៀមរាប បម្រើសេវាកម្មដោយផ្ទាល់ ជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន អាជីវកម្មផលិត និង/ឬលក់វត្ថុអនុស្សាវរីយ៍ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សេវាកម្មដឹកជញ្ជូនទេសចរណ៍ អាជីវកម្មអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្គត់ផ្គង់ផលិតផល និង/ឬសេវាកម្មដទៃទៀត ដែលគាំទ្រឧស្សាហកម្មទេសចរណ៍ អាចស្នើសុំហិរញ្ញប្បទានរហូតដល់ ៦០០,០០០ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ប្រចាំឆ្នាំត្រឹមតែ ៦.៥០%។
កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប មានលក្ខណៈពិសេស និងប្រកបដោយលក្ខខណ្ឌអនុគ្រោះមួយចំនួនដូចជា៖ រយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់២៤ខែ, មិនគិតថ្លៃសោហ៊ុយ រៀបចំឥណទាន និងមិនមានពិន័យ ចំពោះការសងត្រឡប់មុនកាលកំណត់ ព្រមទាំងផ្តល់នូវលក្ខខណ្ឌនៃការអនុម័តប្រាក់កម្ចី មានភាពទន់ភ្លន់ជាងឥណទានធម្មតា៕