(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្កើតពន្ធថ្មីនោះទេ មានតែពន្យារពេល និងផ្តល់ការអនុគ្រោះ លើប្រភេទពន្ធមួយចំនួនថែមទៀត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក មាស សុខសេនសាន អញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធី RESH BUSINESS ដែលពិភាក្សាលើប្រធានបទ៖ «ដំណោះស្រាយឱនភាពថវិកាជាតិនៅកម្ពុជា»។
លោក មាស សុខសេនសាន បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រះរាជាណាចក្រកម្ពុជា មិនមានការបង្កើតពន្ធថ្មីនោះទេ មានតែពន្យារពេល ឬក៏អនុគ្រោះ ដែលការអនុគ្រោះនេះធ្វើរដ្ឋបាត់ចំណូលមួយចំនួនផងដែរ»។
ទន្ទឹមគ្នានេះ លោក មាស សុខសេនសាន បានលើកឡើងថា ការប្រមូលពន្ធ ឬក៏ការប្រឹងប្រែងប្រមូលពន្ធ វាជាកាតព្វកិច្ចរបស់អ្នកប្រមូលពន្ធ ឬក៏ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌមួយនៃការកែទម្រង់។
សូមទស្សនាការលើកឡើងរបស់លោក មាស សុខសេនសាន ដូចខាងក្រោម៖