(ភ្នំពេញ)៖ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ថា ការប្រមូលពន្ធ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋវិញ តាមរូបភាពផ្សេងៗ ដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាសាធារណៈជាដើម។
ថ្លែងក្នុងកម្មវិធី FRESH BUSINESS លោកបានពន្យល់យ៉ាងដូច្នេះថា ពន្ធដែលរាជរដ្ឋាភិបាលប្រមូលបានពីប្រជាពលរដ្ឋ គឺរដ្ឋបានចាត់ចែងចំណាយទៅលើកិច្ចការសាធារណៈ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលា ផ្លូវ ថ្នល់ ស្ពាន ការចំណាយទៅលើប្រាក់បៀវត្សមន្រ្តីរាជការ ដើម្បីបម្រើ និងផ្តល់សេវាសាធារណៈ ជូនមកដល់ប្រជាពលរដ្ឋវិញ។
តែយ៉ាងណាមិញ លោកលើកឡើងថា ដោយសារតែកន្លងមកការប្រមូលពន្ធ នៅមានកម្រិត ហើយកម្ពុជាទើបតែចាប់ផ្តើម ក្នុងការប្រមូលពន្ធបានកម្រិតល្អប្រសើរ ហេតុនេះហើយ ទើបមិនទាន់អាចឈាន ទៅដល់ការសាងសង់ហេដ្ឋារចនាសម័ន្ធ បានល្អប្រសើរ ដូចប្រទេសអភិវឌ្ឍន៍។
ជាមួយគ្នានេះ បើទោះបីជារាជរដ្ឋាភិបាលខិតខំ ក្នុងការប្រមូលពន្ធក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលក៏មានការគិតគូរ និងផ្តល់ការអនុគ្រោះ ទៅលើការប្រមូលពន្ធទៅដល់អ្នកវិនិយោគ និងអ្នកធុរកិច្ចផងដែរ ជាពិសេសក្នុងអំឡុងនៃការកើតមានវិបត្តិសេដ្ឋកិច្ច។
សូមទស្សនាការពន្យល់របស់លោក មាស សុខសេនសាន ដូចខាងក្រោម៖