(ភ្នំពេញ)៖ អ្នកជំនួញកម្ពុជាមួយក្រុម ដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យកសិកម្ម និងចំណីអាហារ ​ គ្រោងធ្វើបេសកម្មកសិធុរកិច្ច និងពាណិជ្ជកម្មទៅកាន់ប្រទេសអូស្រ្តាលីរយៈពេល៤ថ្ងៃទៅកាន់ប្រទេសអូស្រ្តាលី ​ដើម្បីតភ្ជាប់ និងស្វែងយល់ពីឱកាស អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិកម្ម និងចំណីអាហារ ជាពិសេសនៅក្នុងធុរកិច្ច កសិបច្ចេកវិទ្យា និងធុរកិច្ចបៃតង ដើម្បីកំណត់ថាតើផលិតផល និងសេវាកម្មដែលមានសក្តានុពលណា ខ្លះអាចជាកត្ដាជួយជំរុញដល់ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។

បេសកកម្មនេះនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី០២ ដល់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៤ ​។សមាជិកគណៈប្រតិភូដែលចូលរួមដំណើរទស្សនកិច្ចនេះ នឹងទទួលបានការយល់ដឹងលម្អិតអំពីឱកាសអាជីវកម្មកសិកម្ម និងចំណីអាហារនៅក្នុងប្រទេសអូស្ត្រាលីពី អ្នកជំនាញក្នុងស្រុក ដោយធ្វើការចូលរួមក្នុងកិច្ចពិភាក្សាផ្តោះប្តូរមតិយោបល់ ក៏ដូចជាដើម្បីពិភាក្សាអំពី ឧត្តមភាពប្រៀបធៀប ​ ឱកាស និងឧបសគ្គនៃការប្រកួតប្រជែងទីផ្សារ ដែលមាននៅក្នុងប្រទេសអូស្ត្រាលី។ ស្វែងយល់នូវការអនុវត្តល្អៗ

ទៅលើគំរូអាជីវកម្មបែបបរិយាបន្នដែលរួមបញ្ចូលនូវសមភាពយេនឌ័រ ពិការភាព និងការចូលរួមសង្គម(GEDSI) និង បរិស្ថានសង្គម និងអភិបាលកិច្ច (ESG) ដែលនឹងចែករំលែក ដោយពីក្រុមហ៊ុនអូស្ត្រាលី និងស្ថាប័នរាជរដ្ឋាភិបាលអូស្ត្រាលី។

​ជាមួយគ្នានឹងទទួលបានការតភ្ជាប់និងចាប់យកអ្នកបញ្ជាទិញ និងដៃគូដែលមានសក្តានុពលតាមរយៈកិច្ចប្រជុំទ្វេភាគី (one on one meeting) ដែលរួមមានក្រុមហ៊ុនអូស្ត្រាលីមកពីអាជីវកម្មនៃផ្នែកផ្សេងៗដូចជា ការលក់រាយបែបទំនើប និងបែបប្រពៃណី កសិដ្ឋានបែបពាណិជ្ជកម្ម ការកែច្នៃផលិតផល ពាណិជ្ជកម្មអេឡិចត្រូនិក ការលក់ដុំ ការចែកចាយ និងក្រុមហ៊ុនផ្ដល់សេវាផ្សេងៗដែលចង់បញ្ហាទិញ ឬធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនកម្ពុជា។ ​ក្នុងដំណើរទស្សនកិច្ចនេះ ធុរកិច្ចកម្ពុជាក៏នឹងមានឱកាស​ដាក់តាំងបង្ហាញផលិតផលកសិកម្ម និងចំណីអាហារកម្ពុជាទៅកាន់ភាគីអូស្ត្រាលី ដែលមានសក្តានុពលមកពីវិស័យសាធារណៈ និងឯកជន។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ សមាគម វិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍(IDI) សហការជាមួយក្រុមហ៊ុន អាយឌីឃែភីថល និងសហគ្រិនខ្មែរ។ បេសកកម្មនេះត្រូវបានរៀបចំឡើងដោយភ្ជាប់ជាមួយវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

និងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីប្រចាំឆ្នាំ ដែលជាកិច្ចប្រជុំពិសេសមួយ ដើម្បីរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី ដែលរំពឹងថានឹងប្រារព្ធឡើងនៅដើមខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។នេះគឺជាឱ កាសល្អមួយសម្រាប់ក្រុមហ៊ុនកម្ពុជាដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ ដើម្បីភ្ជាប់ទំនាក់ទំនងធុរកិច្ច ជាមួយក្រុមហ៊ុនអូស្ត្រាលីក្នុងអំឡុងពេលបេសកកម្មនេះ​៕