(ភ្នំពេញ)៖ នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៦៥ម៉ឺនតោន ទទួលចំណូលប្រមាណ ៨៣៧លានដុល្លារ ថយចុះជាង១០%។ នេះបើយោងតាមរបាយណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។
របាយការណ៍ដដែលនេះបានបញ្ជាក់ថា រយៈពេល ១២ខែឆ្នាំ២០២៣កន្លងទៅនេះ ការនាំចេញគ្រាប់ឆៅ សម្រេចបាន ៦៥ ៦០០០តោន ថយចុះ ៧.៦% និងទទួលបានទឹកប្រាក់ប្រមាណ៨៣៧លានដុល្លារថយចុះ ១៦.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២២។ ក្នុងចំណោមគ្រាប់ឆៅដែលបាននាំចេញនេះ ភាគច្រើននាំចេញទៅវៀតណាម ដែលមានបរិមាណ ៦១ ៨០០០តោន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ ថា ការនាំចេញគ្រាប់ឆៅអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត នៅឆ្នាំ២០២៤នេះ។ ការធ្លាក់ចុះនេះមិនមែនជារឿងអវិជ្ជមាននោះទេ ប៉ុន្តែជាសញ្ញាល្អមួយ សម្រាប់វិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជា ដែលបង្ហាញថា សហគ្រាសក្នុងស្រុកកំពុងរីកចម្រើន និងមានលទ្ធភាពកែច្នៃកាន់តែខ្ពស់។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសហគ្រាស និងក្រុមហ៊ុន កែច្នៃស្វាយចន្ទីស្រុកមួយចំនួន កំពុងចាប់ផ្តើមប្រជែងទិញជាមួយឈ្មួញនាំចេញទៅវៀតណាម។ ពេលខាងមុខនេះ លោកក៏នឹងត្រៀមជួបជាមួយធនាគារ SME ដើម្បីជជែកពីលក្ខខណ្ឌអនុគ្រោះ ផ្តល់កម្ចីដល់សហគ្រាសកែច្នៃផងដែរ ដើម្បីឱ្យសហគ្រាសក្នុងស្រុក មានលទ្ធភាពប្រជែងទិញជាមួយប្រទេសជិតខាង សម្រាប់ទិញយកមកស្តុកទុក កែច្នៃលក់ទៅទីផ្សារអន្តរជាតិ ស្របពេល ទីផ្សារគ្រាប់កែច្នៃកាន់តែមានទីផ្សារល្អជាងមុន។
លោករំពឹងថា ទិន្នផលស្វាយចន្ទីនៅឆ្នាំនេះនឹងកើនឡើង១០% ប្រសិនបើអាកាសធាតុអំណោយផលល្អ មិនមានភ្លៀងធ្លាក់ច្រើននៅរដូវចេញផ្កា និងផ្លែ ដែលធ្វើឱ្យធ្វើស្វាយចន្ទីមានគុណភាពខ្ពស់ ព្រមទាំងមានតម្លៃល្អ។
យោងតាមទិន្នន័យពីសមាគម ស្វាយចន្ទីត្រូវបានដាំដុះភាគច្រើនក្នុងខេត្តចំនួន១០ ក្នុងទំហំជាង ៦៥ម៉ឺនហិកតា ដែលមាននៅខេត្តកំពង់ធំ រតនគិរី កំពង់ចាម មណ្ឌលគិរី ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប ក្រចេះ កំពង់ឆ្នាំង និងព្រះវិហារ៕