(ភ្នំពេញ)៖ កម្ពុជាទទួលបានទឹកប្រាក់ ១៧០០លានដុល្លារ ពីការនាំចេញអង្ករជាង ៦៥ម៉ឺនតោន និងស្រូវជាង ៤លានតោន នៅរយៈពេល១២ ខែ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ។
ការនាំចេញអង្ករសំរាប់ឆ្នាំ ២០២៣ មានកំណើនលើបរិមាណ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង៤៦៦លានដុល្លារ ក្នុងនោះការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានចំនួន ២១២ ៧៥៦ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៦៤ ៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ ប្រទេស បានបរិមាណចំនួន ៩៣ ៣៧៦ តោន គិតជាទឹកប្រាក់ចំនួន ៦២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន២៦ ប្រទេសបានចំនួន៨៥ ៥០៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន៧៦ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩%, អង្ករស ចំនួន ១២.៩៤% , អង្ករចំហ៊ុយ ២.៩២ %, អង្ករសរីរាង្គចំនួន ១.៦២%, អង្ករសគ្រាប់ខ្លីចំនួន ០.០៣% និងអង្ករដំណើបចំនួន ០.២០%។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣ តោន ដែលគិតជាទឹកប្រាក់បានប៉ានប្រមាណជា ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។
ការនាំចេញស្រូវមានការកើនឡើងលើបរិមាណចំនួន ២៦.៥០% និង ទឹកប្រាក់មានកំណើនចំនួន ៥៦.៦៩% បើធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២៕