(ភ្នំពេញ)៖ ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឱ្យដឹងថា ចាប់ពីចុងខែមករា ឆ្នាំ២០២៤ តម្លៃដឹកជញ្ជូនពីកម្ពុជាទៅកាន់តំបន់អឺរ៉ុប នឹងកើនឡើងចន្លោះពី៣០០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយកុងតឺន័រ លើតម្លៃដឹកជញ្ជូនបច្ចុប្បន្ន ដែលបង្កការព្រួយបារម្ភ និងបញ្ហាប្រឈមថ្មីមួយទៀត សម្រាប់វិស័យដឹកជញ្ជូន។
ថ្លែងក្នុងកម្មវិធី Fresh Business ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងថា ការកើនឡើងនៃតម្លៃដឹកជញ្ជូនពីកម្ពុជាទៅអឺរ៉ុប គឺដោយបញ្ហាសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន ដែលបង្កើតឱ្យក្រុមឧទាមជាច្រើន។ ថ្មីៗនេះ ក្រុមឧទាមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ បាបង្កការគំរាមកំហែង និងធ្វើទុកបុកម្នេញដល់កប៉ាល់ដឹកជញ្ជូនទំនិញពីតំបន់អឺរ៉ុប ដែលធ្វើឱ្យនាវាដឹកជញ្ជូនទំនិញពីអឺរ៉ុបមកអាស៊ី ត្រូវប្រើផ្លូវវាងដែលមានចម្ងាយផ្លូវឆ្ងាយជាងផ្លូវបច្ចុប្បន្ន រាប់ពាន់គីឡូម៉ែត្រ ហេតុនេះទើបកប៉ាល់ដឹកជញ្ជូនទំនិញមួយចំនួន បានចាប់ផ្តើមប្រកាសថា ខ្លួនដំឡើងថ្លៃដឹកជញ្ជូនទំនិញពីអឺរ៉ុប មកតំបន់អាស៊ីចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ប្រមាណ ៣០០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយកុងតឺន័រ លើតម្លៃបច្ចុប្បន្ន។
បើតាមលោក ស៊ិន ចន្ធី បច្ចុប្បន្ននេះ តម្លៃដឹកជញ្ជូនពីអឺរ៉ុបមកតំបន់អាស៊ី មានតម្លៃចន្លោះពីជាង ២ពាន់ដុល្លារទៅ ៣ពាន់ដុល្លារ ក្នុងមួយកុងតឺន័រ។
លោកបានពន្យល់បន្តថា «ក្រុមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង មានការគំរាមកំហែងផ្លូវច្រកដឹកជញ្ជូន ឥឡូវនេះកប៉ាល់មួយចំនួន ដែលធ្វើដំណើរចេញពីអឺរ៉ុប ឆ្លងតាមសមុទ្រមេឌីទែរ៉ានេ ចូលមកសមុទ្រក្រហម គឺមានការគំរាមកំហែង ដោយសារការធ្វើទុក្ខបុកម្នេញពីក្រុមហ៊ូទី។ អីចឹងក្រុមហ៊ុនកប៉ាល់មួយចំនួន គឺបានគិតទុកហើយថានឹងធ្វើដំណើរផ្លូវវាង។ បើផ្លូវវាង គឺយើងធ្វើដំណើរឆ្ងាយណាស់ គឺចេញពីអឺរ៉ុប មកអាត្លង់ទិច ហើយបានចូលមកមហាសមុទ្រឥណ្ឌា បានចូលមកអាស៊ីយើង។ អីចឹងតម្លៃដឹកជញ្ជូនវាកាន់តែឡើងខ្ពស់។ តាមការប៉ាន់ស្មាន ឃើញថា កប៉ាល់ដែលត្រូវប្រើផ្លូវវាងនោះ ត្រូវចំណាយមួយលានដុល្លារ ក្នុងកប៉ាល់មួយទៀត។ ឥលូវនេះ មានកបាល់ដឹកជញ្ជូនមួយចំនួន បានប្រកាសហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ នឹងឡើងតម្លៃប្រមាណពី៣០០ ទៅ៥០០ដុល្លារមួយមួយកុងតឺន័រ»។
យ៉ាងណាមិញលោកបញ្ជាក់ថា ក្នុងការប្រកាសដំឡើងថ្លៃនេះ គឺសម្រាប់តែការដឹកជញ្ជូនទៅមករវាងតំបន់អាស៊ី ទៅតំបន់អឺរ៉ុបប៉ុណ្ណោះ។ ដោយឡែកទិសដៅដឹកជញ្ជូនផ្សេងទៀត ដូចជាចិន ជាដើម មិនទាន់បង្ហាញសញ្ញាកើនឡើងនោះទេ។
លោកបន្ថែមថា នេះជាបញ្ហាព្រួយបារម្ភថ្មីមួយទៀត សម្រាប់វិស័យដឹកជញ្ជូន ដោយសារតែកន្លងមក វិស័យនេះទើបតែរងផលប៉ះពាល់ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបង្កឱ្យតម្លៃដឹកជញ្ជូនឡើងថ្លៃហួសហេតុ និងបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបណ្តាលឱ្យថ្លៃប្រេងឥន្ធនៈ។
លោកលើកឡើងថា បញ្ហានេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់ការនាំចេញទំនិញ ទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប និងប៉ះពាល់ដល់ថ្លៃដើមនៃទំនិញផងដែរ។
យោងតាមប្រភពព័ត៌មាន ពីអ្នកដែលធ្វើការនៅក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនទំនិញពីកម្ពុជា ទៅទីផ្សារអន្តរជាតិបានឱ្យដឹងថា បច្ចុប្បន្ននេះ ករណីដែលក្រុមហ៊ូទី បង្កការគំរាមកំហែងកប៉ាល់ដឹកជញ្ជូនទំនិញ នៅសមុទ្រក្រហម បានធ្វើឱ្យការដឹកជញ្ជូនទំនិញទៅអាមេរិក និងអឺរ៉ុប ត្រូវមានរយៈពេលយូរ ខណៈតម្លៃវិញបានកើនឡើងប្រមាណ ១ពាន់ដុល្លារពីលើតម្លៃបច្ចុប្បន្ន ដោយសារកង្វះខាតកប៉ាល់ និងទូកុងតឺន័រ។ ហើយនាពេលខាងមុខ បញ្ហាកង្វះទូកុងតឺន័រ និងតម្លៃអាចនឹងកាន់តែឡើងខ្លាំង។ ស្ថានភាពនេះ នឹងអូសបន្លាយរយៈពេល១ខែ ឬឈានទៅដល់ត្រីមាសទី១ នៃឆ្នាំនេះ៕