(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញអង្ករពេញមួយឆ្នាំ២០២៣នេះ នឹងមានកំណើនប្រមាណពី ៥%ទៅ១០% បើធៀបទៅនឹងឆ្នាំ២០២២ ពោលគឺអាចនាំចេញក្នុងរង្វង់ប្រមាណ ៦៧ម៉ឺនតោន ឬស្មើនឹង៩៥% នៃផែនការដែលបានចេញ ៧០ម៉ឺនតោន។
លោកឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា បើទោះបីជាការនាំចេញអង្កររបស់កម្ពុជា មានកំណើនតិចតួចជាងប្រទេសជិតខាងក៏ពិតមែន ប៉ុន្តែកម្ពុជាព្យាយាមនាំចេញក្នុងកម្រិតគិតគូរ ដើម្បីកុំឱ្យមានការខាតបង់ ដល់ឧស្សាហកម្មស្រូវអង្ករ ដល់កសិករ និងអាចធ្វើឱ្យរោងម៉ាស៊ីន អាចរស់បានបើទោះបីជាពួកគេរងការខាតបង់តិចតួច។
លោកបានឱ្យដឹងថា កំណើននៃការនាំចេញអង្ករតិចតួចនេះ ដោយសារកម្ពុជាមិនមានស្រូវគ្រប់គ្រាន់ សម្រាប់នាំចេញនៅរយៈពេលចុងក្រោយនេះ ព្រោះបណ្តារោងម៉ាស៊ីន ដែលជាសមាជិករបស់សហព័ន្ធ ត្រូវប្រកួតប្រជែងទិញស្រូវពីកសិករ ជាមួយឈ្មួញវៀតណាម ខណៈតម្លៃអង្ករ និងស្រូវបានកើនឡើង។
លោកបានពន្យល់បន្ថែមថា «កំណើនឆ្នាំ២០២៣នេះ ខ្ញុំគិតថានឹងមានកំណើនប្រហាក់ប្រហែលពី៥%ទៅ១០% ហើយជាកំណើនមួយ ដែលយើងទទួលយកបាន។ និយាយត្រង់ទៅត្បិតតែយើងមិនសូវនិយាយ ប៉ុន្តែអង្ករយើង គឺល្អជាងប្រទេសជិតខាងទាំងគុណភាព ទាំងតម្លៃ គឺល្អប្រសើរ។ [...] យើងមានឱកាសកើនឡើងដល់៣០% ឯណោះ បើសិនជាយើងមានស្រូវនាំចេញគ្រប់គ្រាន់ យើងអត់មានស្រូវ ហើយមានកំណើនប្រមាណពី ៥%ទៅ១០%នេះ ប៉ុណ្ណឹងយើងថាល្អហើយ សម្រាប់យើងដែលស្រូវពុំមានហើយ យើងត្រូវប្រកួតប្រជែងជាមួយប្រទេសវៀតណាម ក្នុងការប្រមូលទិញស្រូវ ហើយយើងដឹងស្រាប់ហើយថាវៀតណាម ជាប្រទេសដែលមានការរីកចម្រើនខ្លាំងជាងយើង ទៅលើវិស័យស្រូវអង្ករទាំងឡសម្ងួត ឃ្លាំងស្តុកទុកដាក់ ការដឹកជញ្ជូន និងផែ»។
លោកលើកឡើងថា កង្វះខាតស្រូវសម្រាប់នាំចេញនៅឆ្នាំនេះ ក៏នឹងជះឥទ្ធិពលដល់ការនាំចេញនៅឆ្នាំក្រោយផងដែរ។ មកទល់បច្ចុប្បន្ននេះ តម្លៃអង្ករនៅលើទីផ្សារ និងតម្លៃស្រូវនៅតែមានតម្លៃខ្ពស់ តែយ៉ាងណាម្ចាស់រោងម៉ាស៊ីននានា ត្រូវតែខិតខំប្រមូលទិញស្រូវពីកសិករ បើមិនដូច្នេះទេ មិនអាចប្រកួតប្រជែងជាមួយវៀតណាមបានឡើយ។
លោកបន្ថែមថា តម្លៃស្រូវអង្ករនៅឆ្នាំ២០២៤ នឹងបន្តឡើងទៀត ដែលកម្ពុជាអាចនឹងខ្វះខាតស្រូវ និងអង្ករ សម្រាប់នាំចេញនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ដោយសារការប្រមូលផលស្រូវនៅដើមឆ្នាំពីខែមករា ដល់ខែមីនា មិនមានចំនួនច្រើន គ្រប់គ្រាន់សម្រាប់ការនាំចេញ។ តែយ៉ាងនេះក្តី លោករំពឹងថា ចាប់ពីត្រីមាសទី២ ឆ្នាំ២០២៤ទៅ សន្ទុះនៃនាំចេញនឹងកើនឡើងវិញ នៅពេលរដូវប្រមូលផលស្រូវប្រាំងមកដល់។
យោងតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត៦០ម៉ឺនតោន មានកំណើនប្រមាណ៦% ទទួលបានទឹកប្រាក់៤២០លានដុល្លារ ខណៈនាំចេញស្រូវវិញ ជិត៤លានតោន ទទួលបានទឹកប្រាក់ជាង ១១០០លានដុល្លារ៕