(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន ១ពាន់លានដុល្លារ។ នេះបើតាមព្រឹត្ដិបត្រស្ថិតិបំណុលសាធាណៈកម្ពុជា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ប៊ីលានដុល្លារ សមមូលនឹង ៧៦២.៥២ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែរ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៤៥% និងក្របខ័ណ្ឌពហុភាគី មានប្រមាណ ៥៥%»។
ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងទៀតថា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ មានមានការថយចុះប្រមាណ ១៧%។ ជារួម, ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមាន កម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៣%។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
ជាមួយគ្នានេះ ចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៤៣៧.៥៦លានដុល្លារអាមេរិក រួមមាន៖ ១៖ ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ ៤២៦.៦៨ លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ដើម ៣២៨.៨៣ លានដុល្លារ និងការប្រាក់ និងកម្រៃផ្សេងៗ ៩៧.៨៥ លានដុល្លារ និង ២៖ ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ១០.៨៨ លានដុល្លារ ក្នុងនោះ៖ ប្រាក់ដើម ១០.១១ដុល្លារ និងការប្រាក់០.៧៧ លានដុល្លារ។
បើតាមការបញ្ជាក់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការទូទាត់សេវាបំណុលសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ៨%៕