(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយលក់មូលបត្ររដ្ឋមានជាង ៤៤លានដុល្លារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈ លើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមព្រឹត្ដិបត្រ ស្ថិតិបំណុលសាធាណៈកម្ពុជា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ១៨៤ប៊ីលានរៀល ត្រូវនឹងប្រមាណ ៤៤.៦៤លានដុល្លារអាមេរិកប្រមាណ ២៣% នៃទំហំសរុបដែលច្បាប់អនុញ្ញាត (៨១៣ ប៊ីលានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាព សេដ្ឋកិច្ច»

សម្រាប់ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះវិញ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ៦៤ប៊ីលានរៀលត្រូវនឹងប្រមាណ ១៥.៥៣ លានដុល្លារអាមេរិក។

សូមជម្រាបថា រាជរដ្ឋាភិបាលចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ តាមរយៈយន្តការដាក់ដេញថ្លៃ របស់ធនាគារជាតិនៃកម្ពុជា។

សម្រាប់នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាលប្រកាសបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២០០លានដុល្លារអាមេរិក ប៉ុន្តែពេលនេះ ទើបតែសម្រេចបានទំហំទឹកប្រាក់ជាង ៤៤លានដុល្លារប៉ុណ្ណោះ តាមរយៈយន្តការរបស់ធនាគារជាតិនៃកម្ពុជា៕