(ភ្នំពេញ)៖ បន្ទាប់ពីអនុវត្តគម្រោងប្រឹក្សាយោបល់ និងដំណោះស្រាយបច្ចេកវិទ្យា ផ្នែកម្ហូបអាហារ ឬហៅថា TASK Program រយៈពេល ៣ឆ្នាំមកនេះ អ្នកជំនាញកែច្នៃម្ហូបអាហាររបស់កូរ៉េ បានជួយសហគ្រាសចំនួន ១២ នៅកម្ពុជា ឱ្យផលិត និងកែច្នៃកាន់តែមានគុណភាពនិង ស្តង់ដារ ហើយមានការទទួលស្គាល់ពីទីផ្សារជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់តម្លៃបន្ថែមផលិតផលកសិកម្ម ដែលមាននៅកម្ពុជា កាត់បន្ថយការនាំចូលនូវអាហារកែច្នៃពីបរទេស និងឈានទៅរកការនាំចេញ ផលិតផលកែច្នៃទាំងនោះ ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។
សហគ្រាសចំនួន១២ បានកែច្នៃទៅលើផលិតផលដូចជា ដំណាប់ផ្លែឈើ គុយទាវ មី អំបុក ការ៉េម សាច់ក្រក ប្រហិត ស្រាវីស្គី នំ ទឹកជ្រលក់ ម្រេច ម្សៅអង្ករ និងគុយទាវក្រៀម។
ថ្លែងក្នុងសិក្ខាសាលាបិទគម្រោង TASK Program-II នៅកម្ពុជា លោក មាន សុភា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា ក្រោមការអនុវត្តគម្រោង TASK Program ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ អ្នកជំនាញកូរ៉េ បានចុះមកជួយដល់សហគ្រាសទាំង ១២មូលដ្ឋាន លើដំណោះស្រាយបច្ចេកទេស និងបច្ចេកវិទ្យា ផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់សហគ្រាស ដោយមានការចុះដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីពិភាក្សា ស្វែងយល់ ដោះស្រាយ បង្ហាត់បង្រៀន លើផ្នែកបច្ចេកទេស សុវត្ថិភាព គុណភាព និងការបង្កើតមុខផលិតផលថ្មីជាដើម។
លោកថ្លែងបន្តថា ការទទួលបានការគាំទ្រទាំងផ្នែក ថវិកា សម្ភារៈ និងបច្ចេកទេស នានាពីសាធារណរដ្ឋកូរ៉េ ផ្តើមចេញពីគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្រោមការដឹកនាំដោយផ្ទាល់របស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានដាក់ចេញនូវទិសដៅ និងផែនការច្បាស់លាស់សម្រាប់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា។ ការលើកកម្ពស់ ការកែច្នៃ ជាពិសេសផ្នែកម្ហូបអាហារជាអធិភាពចំបង ដើម្បីលើកកម្ពស់តម្លៃបន្ថែមផលិតផលកសិកម្ម ដែលមានក្នុងប្រទេសកម្ពុជា កាត់បន្ថយការនាំចូលនូវអាហារកែច្នៃពីបរទេស និងឈានទៅរកការនាំចេញ ផលិតផលកែច្នៃទាំងនោះទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។
លោកបានជំរុញដល់សហគ្រាស ដែលស្ថិតក្រោមការអនុវត្តគម្រោង TASK Program ទាំង២ ដំណាក់កាល ត្រូវខិតខំយកចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាលរបស់លោកបណ្ឌិត និងអ្នកជំនាញ និងទស្សនៈកិច្ចសិក្សានៅកូរ៉េ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព ផលិតភាព ការបង្កើតមុខផលិតផលថ្មី ដើម្បីធានាបាននូវការរស់រាន និងទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងស្រុក ដែលកំពុងមានការប្រកួតប្រជែង របស់លំហូរទំនិញពីបរទេស។
លោកគូសបញ្ជាក់បន្តថា «ទោះបីគម្រោង TASK Program-II ត្រូវបញ្ចប់នាពេលនេះក៏ដោយ ក៏ភាគីកូរ៉េ នឹងបន្តគាំទ្រវិស័យម្ហូបអាហារនៅកម្ពុជារយៈពេល ៤ឆ្នាំ បន្តទៀត ដោយនិងបង្កើត មជ្ឈមណ្ឌលអភិវឌ្ឍន៍ម្ហូបអាហារកម្ពុជា (២០២៤-២០២៧) ដោយផ្តល់នូវការបង្ហាត់បង្រៀនផលិត និងកែច្នៃផលិតផលជាក់ស្តែង ដោយមានរោងចក្រគំរូ ឧបករណ៍សម្ភារៈធ្វើតេស្ត ពិសោធន៍ ការបង្ហាត់បង្រៀនពាក់ព័ន្ធនឹងបច្ចេកទេស សុវត្ថិភាព ស្តង់ដារ និងគុណភាព ការបង្កើតមុខផលិតផលថ្មីផងដែរ។
លោក ពៅ វណ្ណដា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម បានឱ្យដឹងថា សកម្មភាព និងគោលដៅសំខាន់នៃគម្រោង TASK Program-II គឺ ការផ្តល់ជូននូវការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស ដល់សហគ្រាសនីមួយៗ ពីវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ ,ការបណ្តុះបណ្តាលផ្នែក GMP/GHP, HACCP… និងការគ្រប់គ្រងម្ហូបអាហារ, ការរៀបចំសិក្ខាសាលាក្នុង និងក្រៅប្រទេស ផ្សេងៗ, ការទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េ និងការចូលរួមតាំងពិព័រណ៍អន្តរជាតិនៅកូរ៉េ។
លោកលើកឡើងទៀតថា ទោះបីគម្រោងនេះត្រូវបានបិទបញ្ចប់ក៏ដោយ តែតាមរយៈការបណ្តុះបណ្តាល ការធ្វើទស្សនកិច្ចសិក្សា នៅតាមបណ្តារោងចក្រនានានៅប្រទេសកូរ៉េ បានផ្តល់ជូននូវបទពិសោធន៍ និងគំនិតថ្មីៗ នឹងឱ្យម្ចាស់សហគ្រាសទាំងអស់កែប្រែខ្លួនទៅជាសហគ្រាស គំរូ និងបន្តភាពរីកចម្រើពីមួយថ្ងៃ ទៅមួយថ្ងៃ ដើម្បីផ្តល់ជូននូវអាហារប្រកបដោយគុណភាព សុវត្ថិភាព និងសុខភាពទៀតផង ។
សូមជម្រាបថា គម្រោងប្រឹក្សាយោបល់ និងដំណោះស្រាយបច្ចេកវិទ្យា ផ្នែកម្ហូបអាហារឬ ហៅថា TASK Program ដំណាក់កាលទី១ បានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៨ ដល់ ២០២០ ដោយបានអនុវត្តតែនៅក្នុងរាជធានីភ្នំពេញ និងបានជ្រើសរើសសហគ្រាសផលិតម្ហូបអាហារចំនួន ១១មូលដ្ឋានឲ្យចូលរួម និងដំណាក់កាលទី២ បានចាប់ដំណើរការនៅឆ្នាំ ២០២១ ដល់ ២០២៣ ដោយបានជ្រើរើស សហគ្រាសនៅ រាជធានីភ្នំពេញចំនួន ២មូលដ្ឋាន ខេត្តបាត់ដំបងចំនួន ៥មូលដ្ឋាន និងខេត្តសៀមរាបចំនួន ៥ មូលដ្ឋាន សរុបចំនួន ១២ មូលដ្ឋាន៕