(ប៉េកាំង)៖ ទីភ្នាក់ងារវាយតម្លៃ Moody's នៅថ្ងៃអង្គារសប្តាហ៍នេះបានទម្លាក់ចក្ខុវិស័យចំណាត់ថ្នាក់ឥណទានរបស់ប្រទេសចិនពី «ស្ថិរភាព» ទៅ «អវិជ្ជមាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ-១៩ របស់ប្រទេសចិនត្រូវបានរារាំងដោយការធ្លាក់ចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្ម វិបត្តិលំនៅឋានរ៉ាំរ៉ៃ ភាពគ្មានការងារធ្វើរបស់យុវជនខ្ពស់ និងការថមថយកំណើនសេដ្ឋកិច្ចសកលលោកដែលកំពុងដាក់បន្ទុកទៅលើតម្រូវការទំនិញរបស់ប្រទេសចិន។

វិបត្តិទាំងនេះបានដាក់សម្ពាធលើរដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលមូលដ្ឋានឱ្យចាត់វិធានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតបន្ទាប់ពីទីក្រុងប៉េកាំងបានបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលតម្លៃ ១ពាន់ពាន់លានយន់ (១៣៧ពាន់លានដុល្លារ) ក្នុងខែតុលា។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Moody's បានឱ្យដឹងថា ការសម្រេចចិត្តរបស់ខ្លួន «ឆ្លុះបញ្ចាំងពីភស្តុតាងដែលមានកាន់តែច្រើនឡើងថា ការគាំទ្រផ្នែកហិរញ្ញវត្ថុនឹងត្រូវបានផ្តល់ដោយរដ្ឋាភិបាល និងវិស័យសាធារណៈកាន់តែទូលំទូលាយដល់រដ្ឋាភិបាលថ្នាក់តំបន់ និងរដ្ឋាភិបាលមូលដ្ឋាន និងសហគ្រាសរដ្ឋ»

ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុលនេះបានឱ្យដឹងថា ការណ៍នេះ «បង្កឱ្យមានហានិភ័យធ្លាក់ចុះយ៉ាងទូលំទូលាយដល់កម្លាំងសារពើពន្ធ សេដ្ឋកិច្ច និងស្ថាប័នរបស់ចិន»

ការទម្លាក់ចក្ខុវិស័យនេះ «ឆ្លុះបញ្ចាំងពីការកើនឡើងហានិភ័យទាក់ទងនឹងកំណើនសេដ្ឋកិច្ចរយៈពេលមធ្យមកាន់តែទាបជាលក្ខណៈរចនាសម្ព័ន្ធនិងរ៉ាំរ៉ៃ និងការធ្លាក់ចុះជាបន្តនៃវិស័យអចលនទ្រព្យ»

វិស័យអចលនទ្រព្យដ៏ធំរបស់ប្រទេសចិនកំពុងជាប់គាំងនៅក្នុងវិបត្តិបំណុលដ៏ជ្រៅ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗមួយចំនួនរបស់ប្រទេសចិនជំពាក់ប្រាក់រាប់រយពាន់លានដុល្លារ ហើយប្រឈមនឹងក្ស័យធន។

ក្រសួងហិរញ្ញវត្ថុចិនបានឆ្លើយតបថា ខ្លួនមានការខកចិត្តចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Moody ។

អ្នកនាំពាក្យមួយរូបត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងថា៖ «ចាប់តាំងពីដើមឆ្នាំនេះមក ដោយប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញនិងធ្ងន់ធ្ងរ និងទប់ទល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកលដែលមិនស្ថិតស្ថេរ និងសន្ទុះសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ សេដ្ឋកិច្ចម៉ាក្រូរបស់ប្រទេសចិនបានបន្តងើបឡើងវិញ»

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា៖ «ការព្រួយបារម្ភរបស់ក្រុមហ៊ុន Moody អំពីចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងនិរន្តរភាពសារពើពន្ធមិនមានភាពចាំបាច់ទេ»