(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផល មានបរិមាណសរុប ៧.៣លានតោន ថយចុះ៤.៦០% ដោយទទួលបានថវិកាប្រមាណ ៣ ៩០៩ លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ។
របាយការណ៍ដដែលបានបញ្ជាក់ថា ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៧ ៣១៤ ១៩០.១២តោន ក្នុងនោះអង្ករចំនួន ៥៩ ៥ ៦៣០តោន ស្រូវចំនួន ២ ៤៩៧ ០៧៥តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ៤ ២២១ ៤៨៥ តោន ទៅកាន់ទិសដៅ ៧៥ប្រទេស ដោយមានការថយចុះចំនួន ៤.៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផលមានចំនួន ៣ ៩០៩ ៨៦៧ ៤១៩ ដុល្លារអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ៥១៥ ២១៩ ៩៥០ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួន ៨៤០ ២៨៥ ១២៤ ដុល្លារអាមេរិក និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៥៥៤ ៣៦២ ៣៤៥.៨៧ដុល្លារអាមេរិក។
ក្រសួងកសិកម្មបានឱ្យដឹងថា ការនាំចេញកសិផលក្នុងរយៈពេល ១១ខែឆ្នាំ២០២៣នេះ នៅតែបន្តថយចុះចំនួន ៤.៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ការថយចុះនេះដោយសារ បញ្ហាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកល ដែលបានចុះខ្សោយរួចទៅហើយនោះ រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលតានតឹង និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។
ជាមួយគ្នានេះការកត់ត្រាទិន្នន័យនាំចេញ មិនបានគ្រប់ជ្រុងជ្រោយដែលបណ្តាលមកពីការដោះដូរពាណិជ្ជកម្ម តាមច្រករបៀងដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យ។ ទីផ្សារស្រូវក្នុងប្រទេសកម្ពុជា នៅតែមានតម្លៃខ្ពស់ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុក សម្រាប់កិនអង្ករនាំចេញ។ ប៉ុន្តែសង្កេតឃើញថា ការនាំចេញស្រូវដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យ ទៅប្រទេសវៀតណាមនៅតែមានជាហូរហែ។
ថ្វីត្បិតតែការនាំចេញកសិផលក្នុងរយៈពេល ១១ខែឆ្នាំ២០២៣នេះ នៅតែមានបរិមាណតិចជាងរយៈពេល១១ខែឆ្នាំ២០២២ ប៉ុន្តែការនាំចេញមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ការនាំចេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៣មានបរិមាណ ១ ០៣៧ ៥៥២.៣៨ តោន កើនឡើងចំនួន ៣៤៦ ២៤១.០៣តោន បើធៀបនឹងខែតុលា ឆ្នាំ២០២៣ដែលមានបរិមាណ ៦៩១ ៣១១.៣៥តោន៕