(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code រវាងប្រទេសទាំងពីរ។
ការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែន តាមរយៈឃ្យូអរកូត (QR Code) ធ្វេីឡេីងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។
ការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) នេះនឹងជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ចំពោះគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន រវាងកម្ពុជា និងវៀតណាម ដែលប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ គឺអនុញ្ញាតឲ្យប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុងប្រតិបត្តិការទូទាត់ជាប្រាក់ដុងវៀតណាម ដោយស្កេន VietQR Code របស់ពាណិជ្ជករ ឬនៅតាមបណ្តាហាងទំនិញ-សេវាកម្មនៅប្រទេសវៀតណាម។
ដូចគ្នាចំពោះប្រជាជនវៀតណាម ដែលមានគណនីធនាគារជាប្រាក់ដុងវៀតណាម ក៏អាចស្កេន ខេអេចឃ្យូអរកូត (KHQR Code) របស់ពាណិជ្ជករ ឬនៅតាមហាងទំនិញ-សេវាកម្មនៅប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬសេវាកម្មជាប្រាក់រៀលផងដែរ។
ក្នុងនោះផងដែរធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានរៀបចំកិច្ចប្រជុំទ្វេភាគី
ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ៕