(ភ្នំពេញ)៖ ផ្សារទំនើបអាស៊ីមួយដែលមានឈ្មោះថា ហ្ស៊ួនហ្វា (Shun Fat Supermarket) មានសាខាចំនួន២៦ នៅរដ្ឋ កាលីហ្វ័រញ៉ា ណេវ៉ាដា និងតិចសាស់ បានបង្ហាញចំណាប់អារម្មណ៍ និងជំហរយ៉ាងច្បាស់លាស់ក្នុងការទទួលផលិតផលកសិកម្មកែច្នៃ និងផលិតផលចំណីអាហារពីកម្ពុជា ដែលជាឱកាសសម្រាប់អ្នកផលិតចំណីអាហារកែច្នៃរបស់កម្ពុជា ត្រូវពង្រឹងសមត្ថភាពដើម្បីនាំចេញផលិតផលកែច្នៃទៅកាន់សហរដ្ឋអាមេរិក។
ការបង្ហាញបំណងក្នុងការនាំចូលផលិតផលកសិកម្មកែច្នៃ និងផលិតផលចំណីអាហារពីកម្ពុជាទៅដាក់លក់នៅក្នុងផ្សារទំនើបមួយនេះ បន្ទាប់ពីគណៈប្រតិភូធុរកិច្ច និងវិនិយោគិនកម្ពុជាបានទៅទស្សនកិច្ចទៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា និងបានទាក់ទងដោយផ្ទាល់ជាមួយម្ចាស់ផ្សារទំនើបអាស៊ីមួយនេះ។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីត្រឡប់មកពីសហរដ្ឋអាមេរិកវិញ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC បានមានប្រសាសន៍ថា ម្ចាស់ផ្សារទំនើបមួយដែលជាទីផ្សារបោះដុំ និងរាយ ដែលកន្លងមកបានបញ្ជាទិញទំនិញពីចិន វៀតណាម ថៃ បង់ក្លាដេស ឥណ្ឌា ជាដើម សម្រាប់ដាក់លក់ក្នុងផ្សារទំនើបរបស់ខ្លួន បានបង្ហាញបំណង និងជួយបើកផ្លូវដល់ផលិតផលខ្មែរ នាំចូលទៅលក់នៅទីផ្សារនេះ។
លោកបានគូសបញ្ជាក់បន្តថា «គាត់ថា ឱ្យតែមានផលិតផលពីកម្ពុជាគាត់ចង់ទិញ ព្រោះអីគាត់ថា នឹងអាចជំនួសនៅខាងវៀតណាម និងថៃនៅថ្ងៃអនាគត។ នេះជាអ្វីដែលគាត់ចង់សហការជាមួយយើង ដើម្បីមករកផលិតផលពីកម្ពុជារបស់យើង។តែយ៉ាងណាចំណុចដែលពិបាក គឺតម្លៃរបស់យើងនៅខ្ពស់ជាងគេបន្តិច ប៉ុន្តែវាក៏ជាចំណុចល្អមួយដែលកម្ពុជាជាផលិតផលថ្មីគេចង់សាក។ គាត់ថាមានអីដែលអាចនាំចូលបាន គាត់នឹងជួយបើកផ្លូវឱ្យ។ នេះគឺបង្ហាញឱ្យឃើញពីអ្នកដែលចង់បញ្ជាទិញផលិតផល ដែលគេចង់បានរបស់យើងពិតប្រាកដ ហើយក៏មានអ្នកបញ្ជាទិញផ្សេងៗទៀត បានជួបចរចាដែរ»។
លោកបានលើកឡើងថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំជាងគេ បានដែលនាំចូលនូវទំនិញពីកម្ពុជា ប្រមាណ៤០%នៃការនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែភាគច្រើនបាននាំចូលនូវទំនិញដូចជាសម្លៀកបំពាក់ ទំនិញផលិតពីស្បែក ទំនិញធ្វើដំណើរ កាបូប គ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងស្បែកជើង ប៉ុន្តែមិនទាន់មានផលិតផលម្ហូបអាហារបែបកែច្នៃនាំចូលទៅកាន់ទីផ្សារអាមេរិកនៅឡើយទេ។
លោកសង្កេតឃើញថា បញ្ហាដែលរាំងស្ទះ ដល់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយសារខ្វះការទំនាក់ទំនងរវាងអ្នកផលិតកម្ពុជា និងអ្នកបញ្ជាទិញរបស់អាមេរិក, អ្នកផលិតមួយចំនួនមិនទាន់យល់ពីស្តង់ដារផលិតផលដែលអាចនាំចូលទៅកាន់សហរដ្ឋអាមេរិកបានស៊ីជម្រៅ, បញ្ហាមួយទៀត គឺការចុះបញ្ជីការនាំចេញផលិតផល។
តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ច និងវិនិយោគិនកម្ពុជាទៅកាន់សហរដ្ឋអាមេរិក លើកទី៣នេះ ក្រុមធុរកិច្ចកម្ពុជា បានឈ្វេងយល់បានច្រើន ពីស្តង់ដារផលិតផលនាំចូលទៅអាមេរិក ក៏ដូចជាការសិក្សាយ៉ាងស៊ីជម្រៅពីនិតិវិធីនៃការនាំចេញផលិតផលកែច្នៃទៅកាន់ទីផ្សារអាមេរិក។ ហើយបាន IDI នឹងចូលរួមជាមួយស្ថាប័នផ្សេងៗ ជំរុញនូវការវិនិយោគ ដើម្បីអាចនាំចេញទៅបាននាពេលខាងមុខ។
លោក ចាប សុភ័គ ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ID Capital PLC បានឱ្យដឹង បន្ទាប់ពីបានទៅទស្សនកិច្ចនៅផ្សារទំនើបអាស៊ី ហ្ស៊ួនហ្វា ម្ចាស់ផ្សារនេះបានចាប់អារម្មណ៍ច្រើនទៅលើ អង្ករ ផ្លែឈើស្រស់ ទឹកផ្លែឈើកែច្នៃដែលរបស់ទាំងនេះ ផលិតករខ្មែរសុទ្ធតែអាចធ្វើបាន ។
លោកលើកឡើងថា ទំនិញដែលដាក់លក់នៅក្នុងផ្សារនេះ ភាគច្រើនគឺជាទំនិញដែលនាំចេញពីថៃ និងវៀតណាម ហើយការណ៍ដែលគេចង់បានផលិតផលខ្មែរយកទៅដាក់លក់ ដោយសារតែវត្ថុធាតុដើមមួយចំនួនដែលថៃ និងវៀតណាមផលិត គឺនាំចេញពីកម្ពុជា ហេតុនេះហើយទើបម្ចាស់ផ្សារទំនើបអាស៊ីមួយនេះ ចង់ជួយជ្រុំជ្រែងធ្វើយ៉ាងណាឱ្យផលិតផលរបស់កម្ពុជានាំចូលទៅដាក់លក់ក្នុងផ្សារទំនើបនេះបាន ខណៈដែលតំបន់នោះ ក៏មានប្រជាពលរដ្ឋកម្ពុជារស់នៅច្រើនផងដែរ។
លោកបន្ត ថា «យើងសិក្សាមើលទៅ សហរដ្ឋអាមេរិក គឺជាទីផ្សារមួយដែលនឹងនរ និងជាទីផ្សារមួយធំ ហើយកម្ពុជាយើងគឺមានសក្តានុពលក្នុងការផលិតនិងកែច្នៃម្ហូបអាហារនេះហើយ ស្របពេលដែលការវេចខ្ចប់របស់កម្ពុជា ក៏អាចនឹងស្អាតជាងរបស់ប្រទេសជិតខាងផងដែរ។ ប៉ុន្តែបញ្ហាប្រឈម គឺការរបស់ផលិតរបស់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មរបស់កម្ពុជា មិនទាន់ដល់ស្តង់ដារដែលអាចនាំចេញបាន និងបញ្ហាមួយទៀត គឺការដឹកជញ្ជូន ដោយសារមិនទាន់មានការដឹកជញ្ជូនដោយត្រង់ពីកម្ពុជាទៅសហរដ្ឋអាមេរិក និងបរិមាណនៃការផលិតរបស់ផលិតផលខ្លះ មិនគ្រប់គ្រាន់តាមការបញ្ជាទិញ»។
លោកលើកទឹកចិត្តដល់ផលិតករខ្មែរដែលមានបំណងផលិតសម្រាប់នាំចេញ ឬផ្គត់ផ្គង់ក្នុងស្រុក ត្រូវពង្រឹងគុណភាពក្នុងការផលិតឱ្យមានស្តង់ដារ។ តែយ៉ាងនេះក្តីលោកសង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួនបំពេញបាននូវស្តង់ដារហើយ ប៉ុន្តែមានក្រុមហ៊ុនជាច្រើនទៀត មិនទាន់អាចបំពេញបាននូវការផលិតតាមស្តង់ដារគុណភាពបាននៅឡើយទេ។
លោកបានគូសបញ្ជាក់ថា «ជាដំណោះស្រាយរបស់ IDI យើងនឹងបង្កើតជាមូលនិធិវិនិយោគមួយទៅលើវិស័យកសិកម្ម ដើម្បីគាំទ្រដល់ការពង្រឹងការផលិតផលិតផលទាំងនោះ។ ឧទាហរណ៍យើងបង្កើត ឬពង្រីកនូវរោងចក្រផលិតបន្ថែម បង្កើនការកែច្នៃ ព្រោះការច្នៃនេះពិតជាសំខាន់។ ពេលខ្លះបើយើងឱ្យអ្នកផលិតធ្វើខ្លួនក៏អាចជាបញ្ហាមួយដែរ។ អ៊ីចឹងយើងអាចនឹងមានជម្ឈមណ្ឌលកែច្នៃមួយដើម្បីដុសខាត់ឱ្យស្អាតឱ្យចេញជាផលិតផលមួយស្តង់ដារនេះក៏ជាចំណុចមួយដែលយើងត្រូវរៀបចំខ្លួន។ សម្រាប់ផលិតករមួយចំនួនដែលមិនចង់នាំចេញដោយផ្ទាល់ គឺយើងអាចជាអ្នកនាំចេញ ហើយមិនមែនតែសហរដ្ឋអាមេរិកទេ ថែមទាំងទៅបណ្តាប្រទេសដ៏ទៃ៕