(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន២ ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរ។
អនុស្សរណៈយោគយល់ចំនួន២រួមមាន៖
១៖ កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់។
២៖ ការបង្កើតកិច្ចសម្របសម្រួល ក្នុងការទូទាត់ និងផាត់ទាត់នៅកម្ពុជា។
អនុស្សរណៈយោគយល់គ្នានេះរៀបចំឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការចូលរួមពីលោកបណ្ឌិត Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន និងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
អនុស្សរណៈយោគយល់នេះ មានគោលបំណង ជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិន និងកម្ពុជា៕