(ក្រុងឡុងដ៍)៖ ប្រេងឆៅបានធ្លាក់ថ្លៃនៅថ្ងៃអង្គារបន្ទាប់ពីបានកើនឡើងកាលពីថ្ងៃចន្ទ ខណៈអ្នកវិនិយោគប្រុងប្រយ័ត្នមុនកិច្ចប្រជុំរបស់អង្គការ OPEC+ នៅថ្ងៃអាទិត្យសប្តាហ៍នេះដែលអាចពិភាក្សាអំពីការកាត់បន្ថយការផ្គត់ផ្គង់ប្រេងបន្ថែមទៀតដោយសារការថមថយកំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រឆៅឆៅប្រភេទ Brent និង West Texas Intermediate បានឡើងថ្លៃប្រហែល ២ភាគរយកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រភពចំនួន៣ ពីអង្គការ OPEC+ បានប្រាប់រ៉យទ័រថា អង្គការក្រុមប្រទេសនាំចេញប្រេងនេះអាចពិចារណាថាតើត្រូវកាត់បន្ថយការផ្គត់ផ្គង់ប្រេងបន្ថែមឬយ៉ាងណានៅពេលជួបប្រជុំនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ។

ក្រោយមកនៅរសៀលថ្ងៃអង្គារ ប្រេងឆៅទាំងពីរប្រភេទនេះបានធ្លាកចុះថ្លៃមកវិញដោយប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាសម្រាប់ចែចាកអនាគតបានធ្លាក់ចុះ ៣៥ សេន ឬ ០,៤ភាគរយមកនៅត្រឹម ៨១,៩៧ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅប្រភេទ West Texas Intermediate បានធ្លាក់ចុះ ៣៦សេន ឬ ០,៥ភាគរយមកនៅត្រឹម ៧៧,៤៧ដុល្លារ។

លោក Tamas Varga បម្រើការនៅក្រុមហ៊ុនឈ្មួញជើងសារប្រេង PVM បានប្រាប់រ៉យទ័រថា៖ «គ្មានអ្វីគួរឱ្យសង្ស័យទេថា កិច្ចប្រជុំនាពេលខាងមុខរបស់ក្រុមរដ្ឋមន្ត្រីក្រសួងថាមពលនៃប្រទេសជាសមាជិកអង្គការ OPEC+ នឹងក្លាយជាពេលវេលាដ៏សំខាន់ ខណៈដែលអ្នកវិនិយោគកំពុងស្វែងរកតម្រុយថាតើពាក្យចចាមអារ៉ាមអំពីការកាត់បន្ថយការផ្គត់ផ្គង់ពិតឬយ៉ាងណា»

អ្នកវិភាគចំនួន ៨នាក់បានព្យាករថា អង្គការ OPEC+ ទំនងជានឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងបន្ថែមទៀតនៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕