(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ក្នុងវិស័យវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៅកម្ពុជា ប្រើប្រាស់សញ្ញានានានៅលើផលិតផលឱ្យត្រូវតាមស្តង់ដារ ដើម្បីធ្វើផលិតផលនោះកាន់តែមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ ដែលងាយស្រួលដល់ការនាំចេញ និងប្រកួតប្រជែងជាមួយផលិតផលនៃបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងបែបនេះ ធ្វើឡើងក្នុង «សិក្ខាសាលាស្តីពី ការយល់ដឹងពីការប្រើប្រាស់សញ្ញានានា ក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មនៅកម្ពុជា» នៅសណ្ឋាគារ ភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
លោកបានលើកឡើងថា បច្ចុប្បន្នមានរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលអាចផលិតមុខទំនិញជាច្រើនមុខ ប៉ុន្តែចំនួនអ្នកមានស្តង់ដារ និងលំដាប់គុណភាពដែលអាចនាំចេញ និងប្រកួតលើទីផ្សារមានចំនួនតិចតួច ខណៈប្រទេសជាដៃគូប្រកួតប្រជែងរបស់កម្ពុជា បានដើរទៅមុខឆ្ងាយ និងលឿនជាងកម្ពុជារួចទៅហើយលើផ្នែកនេះ ហើយផលិតផលរបស់គេដែលកំពុងបម្រើ លុកលុយ និងដណ្តើមទីផ្សាររបស់យើង ក៏ដោយតែហេតុថាផលិតកររបស់គេ មានការយល់ដឹងខ្ពស់អំពីលក្ខខណ្ឌតម្រូវអស់ទាំងនេះ និងបានកំពុងតែបោះជំហាន និងតម្លើងកម្រិតនៃអនុលោមភាពឈានទៅលើកកម្ពស់គុណភាព និងស្តង់ដារ ដែលអ្នកប្រើប្រាស់ទាមទារកាន់តែខ្ពស់ទៅៗ។
លោកមានប្រសាសន៍ទៀតថា ក្នុងបរិការណ៍នៃការវិវឌ្ឍសង្គម-សេដ្ឋកិច្ច តម្រូវការប្រើប្រាស់ផលិតផលនានា សម្រាប់ការរស់នៅប្រចាំថ្ងៃមានការកើនឡើងជាប្រចាំ ហើយផលិតផលដែលចរាចរលើទីផ្សារមានលក្ខណៈចំរុះ ដោយមានទាំងផលិតផលនាំចូល និងផលិតផលក្នុងស្រុក។ ក្នុងនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសមត្ថកិច្ច រួមចំណែកធានាសុវត្ថិភាពនៃផលិតផលទាំងនោះ ដោយត្រូវត្រួតពិនិត្យ និងផ្តល់ជូននូវសញ្ញានានា បញ្ជាក់ពីផលិតផលមានស្តង់ដារ ឬមានគុណភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ពិសេសសហគ្រាសស្ថិតក្នុងវិស័យកម្មន្តសាល ឬផលិតកម្ម ដើម្បីប្រើប្រាស់។
លោកបន្ថែមថា «ទោះបីជាយ៉ាងនេះ ក៏ការយល់ដឹងអំពីសារៈប្រយោជន៍ និងព័ត៌មានពេញលេញ ឬគ្រប់គ្រាន់អំពីសញ្ញាទាំងនេះនៅមានកម្រិតនៅឡើយ ជាក់ស្តែងក៏មានការលើកឡើងជាបន្តបន្ទាប់របស់វិស័យឯកជន ក្នុងការចង់ដឹងពីសារ:ប្រយោជន៍ និងនីតិវិធី ដើម្បីទទួលបានសញ្ញាចាំបាច់នានាទាំងនោះផងដែរ។ ក្នុងន័យនេះ ខ្ញុំសង្ឃឹមថា ការរៀបចំសិក្ខាសាលានាពេលនេះ ពិតជារួមចំណែកផ្ដល់ពុទ្ធិបន្ថែមដល់មូលដ្ឋានអាជីវកម្ម ឱ្យយល់ដឹងកាន់តែស៊ីជម្រៅលើការប្រើប្រាស់សញ្ញានានា សម្រាប់បង្កើនទំនុកចិត្ត ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលមានគុណភាព និងសោភណភាព ស្របតាមស្តង់ដារកំណត់»។
លោក ហេង សុគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា តាមរយៈសិក្ខាសាលានេះ ក្រសួងមានបំណងចង់ប្រមូលផ្តុំនូវបណ្តាសហគ្រិន ដែលស្ថិតនៅក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មបានជួបជុំគ្នា ដើម្បីឱ្យពួកគាត់អាចសិក្សាស្វែងយល់បន្ថែម ពីសញ្ញានានាដែលបិទនៅលើផលិតផល។
លោកបន្តថា មានសញ្ញាជាច្រើន ដែលម្ចាស់សហគ្រាសគួរស្វែងយល់ និងស្នើសុំសម្រាប់ដាក់លើផលិតផលរបស់ខ្លួន ដូចជា សញ្ញាពាក់ព័ន្ធនឹងស្តង់ដារ សញ្ញាពាក់ព័ន្ធនឹងមាឌសាស្រ្ត សញ្ញាពាក់ព័ន្ធនឹងស៥ សញ្ញាពាក់ព័ន្ធនឹងឧស្សាហកម្មបៃតង និងសញ្ញាពាក់ព័ន្ធនឹងការចុះបញ្ជី (ច.ប.ផ) ជាដើម។
លោកបានគូសបញ្ជាក់ថា សញ្ញាទាំងនោះមានសារៈសំខាន់ណាស់ ប្រសិនបើម្ចាស់ សហគ្រាស មានលទ្ធភាពទទួលបានសញ្ញាទាំងនេះ នោះផលិតផលរបស់ពួកគាត់នឹងងាយស្រួលបញ្រ្ជាតចូលទៅកាន់ទៅផ្សារក្នុងស្រុក ជាពិសេសនៅក្នុងផ្សារទំនើប ឬក្នុងទីផ្សារអនឡាញដែលក្រសួងស្ថាប័នមួយចំនួនបានខិតខំស្វែងរកឱ្យ។ លើសពីនេះទៅទៀតម្ចាស់សហគ្រាសទាំងនោះក៏អាចមានលទ្ធភាពនាំចេញទៅកាន់ទៅផ្សារក្នុងតំបន់ និងក្នុងពិភពលោកបានទៀតផង។
បើតាមលោកហេង សុគង់ សហគ្រាស ខ្នាតមីក្រូ ធន់តូច និងមធ្យមនៅកម្ពុជា មានជាង៧៥ម៉ឺនសហគ្រាស។ ចំណែកសហគ្រាសនៅក្នុងវិស័យកម្មន្តសាលមានជាង៨ម៉ឺនសហគ្រាស ក្នុងនោះចុះបញ្ជីជាមួយក្រសួងមានជាង៤ម៉ឺនសហគ្រាស៕