(អាយអូវ៉ា)៖ លោក ដូណាល់ ត្រាំ ដែលនាំមុខគេសម្រាប់ការតែងតាំងបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបាននិយាយនៅថ្ងៃអាទិត្យថា លោកនឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិកដែលប្រធានាធិបតីអាមេរិក ចូ បៃឌិន កំពុងព្យាយាមបង្កើតឡើង បើអតីតប្រធានាធិបតីរូបនេះឈ្នះការបោះឆ្នោតឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថាដោយដកស្រង់សម្ដីរបស់លោក ត្រាំ ខណៈថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋអាយអូវ៉ាថា លោកប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកំពុងចរចាដោយរដ្ឋាភិបាលលោក បៃឌិន ជាមួយប្រទេស ១៣ផ្សេងទៀត ដោយលើកហេតុផលថា កិច្ចព្រមព្រៀងនេះរារាំងការផលិតរបស់សហរដ្ឋអាមេរិក និងបង្កឱ្យមានការបាត់បង់ការងារ។

កិច្ចពិភាក្សាផ្នែកពាណិជ្ជកម្មនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែលមានបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលពាណិជ្ជកម្មរបស់ប្រទេសចិន មិនទទួលបានជោគជ័យទេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីប្រទេសមួយចំនួនរួមទាំងវៀតណាម និងឥណ្ឌូនេស៊ីផងដែរនោះបានបដិសេធប្តេជ្ញាចិត្តអនុវត្តស្តង់ដារពលកម្មនិងបរិស្ថានដែលមានកម្រិតខ្ពស់។

លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវបានបង្កើតឡើងជាមួយប្រទេសភាគច្រើនដូចគ្នាទៅនឹងសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ IPEF បន្ទាប់ពីបានចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០១៧។ លោក ត្រាំ បាននិយាយថា លោកនឹង «បោះបង់» នូវអ្វីដែលលោកហៅថា «កិច្ចព្រមព្រៀង TPP ទី២» ភ្លាមៗ បន្ទាប់ពីលោកចូលកាន់អំណាច។

លោក ត្រាំ បានថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុង Fort Dodge ចម្ងាយប្រហែល ១៥០គីឡូម៉ែត្រភាគខាងជើងទីក្រុង Des Moines ថា៖ «ស្ថិតក្រោមរដ្ឋាភិបាលបន្ទាប់ ... ផែនការរបស់ បៃឌិន សម្រាប់កិច្ចព្រមព្រៀង TPP ទី២ នឹងស្លាប់នៅថ្ងៃមួយ»

លោកបានបន្ថែមថា៖ «វាអាក្រក់ជាងកិច្ចព្រមព្រៀងលើកទីមួយទៅទៀត ដោយគំរាមគំហែងដល់កសិករ និងអ្នកផលិតជាមួយនឹងភាពគួរឱ្យខ្លាចជាលក្ខណៈសកលដ៏ធំមួយទៀត ដែលបង្កើតឡើងដើម្បីបង្កើនឥទ្ធិពលដោយប្រើប្រាស់អាស៊ី»