(ភ្នំពេញ)៖ រយៈពេលឆ្នាំ ពោលគឺចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន មានចំនួន១៤ ៣៤៥,៧៤តោន។ នេះយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា នៅឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ដំណាច់ខែធ្នូ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន មានចំនួន ២ ៩៤២,៥១តោន ខណៈនៅឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិនមានចំនួន ១១ ៤០៣,២៣តោន។
កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានសម្ពោធជាផ្លូវការ ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។
មួយឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានកសិកម្ម បានចុះបញ្ជីចម្ការមៀន និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន បានចំនួន ៩៧ក្រុមហ៊ុននិងម្ចាស់ចម្ការ និង ១២រោងចក្រវេចខ្ចប់ និងទទួលបានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។
ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដែលមានដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តលើកទឹកចិត្ត និងគាំទ្រសហគ្រាសទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកែច្នៃផលិតផលកសិកម្មខ្មែរឲ្យមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងរុញផលិតផលដែលមានគុណភាពទាំងអស់នេះ ទៅកាន់ទីផ្សារពិភពលោក។
ឧកញ៉ាបណ្ឌិត ឈិន កេន នាយកគ្រប់គ្រង Advance Digital World Trade (ADWT) ដែលបានសហការនាំចេញផ្លែមៀនប៉ៃលិនស្រស់ដាក់លក់នៅលើទីផ្សារអនឡាញ អាលីបាបា បានឱ្យដឹងដែរ មៀនប៉ៃលិនរបស់កម្ពុជាទទួលបានការពេញចិត្តយ៉ាងខ្លាំង
ពីសំណាក់ប្រជាជនចិន ដែលធ្វើឱ្យកំណើននៃការបញ្ជាទិញនិងនាំចេញ បានកើនឡើងប្រមាណ៣០%។
លោកបានឱ្យដឹងទៀតថា ដោយសារមៀនប៉ៃលិនកម្ពុជាមានរសជាតិឆ្ងាញ់ ក្លិនក្រអូប ពាណិជ្ជករចិនមួយចំនួននឹងមកកម្ពុជា ដើម្បីសិក្សា និងនាំចេញបន្ថែមផងដែរ៕