(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា និង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក នៃបុរីវិមានសំណាង បានចែករំលែកគំនិត និងបទពិសោធ ទាក់ទងនឹងការស្វែងយល់ និងត្រៀមខ្លួនប្រឈមនឹងវិបត្តិដល់ម្ចាស់អាជីវកម្ម ដែលជាសមាជិកក្លឹបមិត្តស្ថាបនិក ដើម្បីឱ្យអាជីវកម្មនៅតែមានដំណើរល្អ និងឆ្លងផុតវិបត្តិ។
ក្នុងឱកាសនោះ លោក ហុង សុហួរ បានបង្ហាញពីវដ្តនៃសេដ្ឋកិច្ច ដែលបង្ហាញពីចលនាឡើងចុះជាធម្មតានៃសេដ្ឋកិច្ច ហើយនិងភាពចាំបាច់ ដែលម្ចាស់អាជីវកម្មត្រូវចេះសម្គាល់ចលនានេះ និងត្រៀមខ្លួនដឹកនាំអាជីវកម្មសម្របខ្លួនតាមចលនានេះ។
លោកបានលើកឡើងថា ជាធម្មតា ស្ថានភាពនៃកំណើនសេដ្ឋកិច្ច នឹងបង្កលក្ខខណ្ឌឱ្យមានវិបត្តិសេដ្ឋកិច្ចនៅពេលក្រោយ ហើយស្ថានភាពនៃវិបត្តិសេដ្ឋកិច្ច នឹងបង្កលក្ខខណ្ឌឱ្យមានកំណើនសេដ្ឋកិច្ចនៅពេលក្រោយដែរ។ ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគដែលអាចជោគជ័យធំ និងយូរអង្វែង គឺជាអ្នកដែលពិនិត្យឃើញចលនានេះបានត្រឹមត្រូវ។ ការសម្រេចចិត្តផ្នែកអាជីវកម្ម ឬវិនិយោគដែលខុសពេល នឹងនាំឱ្យមកនូវបញ្ហា ឬអាចរហូតដល់ថ្នាក់ក្ស័យធន។
បណ្ឌិត គីម ហ៊ាង បានចែករំលែកអំពីបទពិសោធន៍ ក្នុងការដឹកនាំអាជីវកម្មរបស់លោកក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ អំឡុងពេលដែលសេដ្ឋកិច្ចកម្ពុជាប្រឈមនឹងបញ្ហាជាច្រើន។ លោកបានជំរុញដល់ម្ចាស់អាជីវកម្មត្រូវបន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន, ពង្រឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម, កាត់បន្ថយចំនាយមិនចាំបាច់, ពង្រឹងការលក់ ពិសេសគឺត្រូវតែរវល់នឹងការលក់ មិនគួររវល់នឹងរឿងផ្សេងឡើយ។
លោកបានណែនាំពីគោលការណ៍ចំនួន ៤ ក្នុងការដំណើរការអាជីវកម្មក្នុងស្ថានភាពសេដ្ឋកិច្ចមានវិបត្តិ ដែលរួមមាន៖ លើកទឹកចិត្តបុគ្គលិក, យល់ដឹងពីការគ្រប់គ្រងសាច់ប្រាក់, យល់ពីវដ្ដនៃសេដ្ឋកិច្ច និងវដ្តនៃអាជីវកម្ម។
លោកថែមទាំងបានបង្ហាញ អំពីយុទ្ធសាស្ត្រ ម៉ូម៉ាឡែត ដោយត្រូវចេះធ្វើយ៉ាងណាឱ្យអាជីវកម្មអាចឆ្លងផុតវិបត្តិ ជាពិសេស ការគ្រប់គ្រងចំណាយ។
សូមជម្រាបថា កម្មវិធីចែករំលែកគំនិត និងបទពិសោធ ទាក់ទងនឹងការស្វែងយល់ និងត្រៀមខ្លួនប្រឈមនឹងវិបត្តិ បានធ្វើឡើង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣៕