(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងនឹងពិនិត្យឡើងវិញនូវការចុះបញ្ជីផលិតផល (ច.ប.ផ) និងកែលម្អសេវាឱ្យកាន់តែប្រសើរឡើង ដើម្បីធ្វើឱ្យការចុះបញ្ជីផលិតផលក្នុងស្រុក កាន់តែងាយស្រួល និងលឿនរហ័ស។
ការថ្លែងរបស់លោក ហែម វណ្ណឌី ស្របពេលវិស័យឯកជនផ្នែកផលិតចំណីអាហារ បានលើកឡើងពីបញ្ហាប្រឈម ក្នុងការចុះបញ្ជីផលិតផល (ច.ប.ផ) ព្រមទាំងជំរុញឱ្យមានការចុះបញ្ជីផលិតផលក្នុងស្រុក និងផលិតផលនាំចូលឱ្យស្នើភាពគ្នា។
លោកស្រី កែវ មុំ ប្រធានសហគ្រិនស្រ្តីកម្ពុជា និងម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី បានឱ្យដឹងថា រាល់ផលិតផលដែលផលិតនៅក្នុងស្រុក ទាមទារឱ្យមានការត្រួតពិនិត្យគុណភាព និងមានការចុះបញ្ជីផលិតផល (ច.ប.ផ) និង តម្រូវឱ្យមានការត្រួតពិនិត្យរៀងរាល់បីខែម្តង។
ទន្ទឹមគ្នានេះ ចំពោះផលិតផលដែលផលិតរសជាតិផ្សេងគ្នា ក៏តម្រូវឱ្យក្នុងមួយរសជាតិត្រូវចុះ ច.ប.ផ មួយ ដោយរាល់ការចុះ ច.ប.ផ ត្រូវចំណាយថវិកា ៣០ម៉ឺនរៀល។ ហេតុដូច្នេះហើយសហគ្រាសក្នុងស្រុក ហាក់មានការចំណាយទៅលើការចុះបញ្ជីផលិតផល ខុសពីផលិតផលនាំចូល មិនតម្រូវឱ្យចុះបញ្ជី ច.ប.ផ នោះទេ ដោយគ្រាន់តែចុះបញ្ជីមាត្រសាស្រ្ត ដែលចំណាយអស់ ២ម៉ឺនរៀលប៉ុណ្ណោះ។ ជាងនេះទៅទៀត ផលិតផលក្នុងស្រុក ក្រៅពីការចំណាយទៅលើ ច.ប.ផ ក៏ត្រូវចំណាយទៅលើការចុះបញ្ជីផ្សេងៗទៀតផងដែរ។
លោកស្រីបន្តថា វិស័យឯកជនមើលឃើញថា ការចំណាយរវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូល ហាក់មានភាពខុសគ្នាខ្លាំង។
លោកស្រីបន្ថែមថា «មានការចំណាយច្រើន យើងក៏ស្នើសុំឱ្យផលិតផលដែលនាំចូលមានការត្រួតពិនិត្យគុណភាព និងស្នើឱ្យមានចុះបញ្ជីផលិតផលដូចគ្នា ដើម្បីឱ្យមានតម្លាភាព នៃការប្រកួតប្រជែង ទាំងផលិតផលក្នុងស្រុកក៏មានគុណភាព ហើយផលិតផលនាំចូលក៏ត្រូវតែមានគុណភាព និងបញ្ជាក់នូវប្រភពនៃការផលិតឱ្យច្បាស់លាស់ផងដែរ»។
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែង ចំពោះករណីនេះ ក្រសួងនឹងពិនិត្យឡើងវិញទាំងនិតិវិធី ពេលវេលានៃការចុះបញ្ជី ថ្លៃចុះបញ្ជី និងគុណភាពសេវាកម្ម ដើម្បីកែលម្អការផ្តល់សេវាឱ្យកាន់តែងាយស្រួល ដល់សហគ្រាសផលិត។ លើសពីនេះ នៅក្នុងការចុះបញ្ជីផលិតផលនេះ ក្រសួងក៏នឹងកំពុងរៀបចំក្នុងក្របខណ្ឌការចុះបញ្ជីតាមអនឡាញ ដើម្បីកាត់បន្ថយការចំណាយ និងវេលា។
លោកថា «សូមទុកឱកាសនេះឱ្យយើងខ្ញុំកែលម្អឡើងវិញទាំងអស់ ហើយដើម្បីយើងមាននិតិវិធីរួមមួយទាំងអស់គ្នា ថាអ្នកស្នើសុំត្រូវធ្វើអ្វី ហើយសមត្ថកិច្ចត្រូវដោះស្រាយយ៉ាងម៉េច កាលណានឹងបើមាននិតិវិធីច្បាស់លាស់ បញ្ហាទាំងនេះ នឹងត្រូវដោះស្រាយ»។
ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងលោកស្រី កែវ មុំ បានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗ របស់វិស័យឯកជន នៅមុនការរៀបចំវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលគ្រោងធ្វើនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះដែរ ពាក់ព័ន្ធការចុះបញ្ជីផលិតផល វិស័យឯកជន ក៏បានស្នើសុំចំណុចមួយចំនួនទៀតផងដែរ រួមមាន៖ស្នើឱ្យមិនគិតថ្លៃសេវា ចំពោះការកែប្រែសំបកវេចខ្ចប់ ដោយគ្រាន់តែស្នើទៅវិទ្យាស្ថានស្តង់ដារ និងមិនចាំបាច់ចុះបញ្ជីផលិតផលសារជាថ្មី ក្នុងពេលដែល ច.ប.ផ នៅមានសុពលភាព, សំណូមពរឱ្យមានការធ្វើតេស្តផលិតផល តែ១ដងក្នុងមួយឆ្នាំ សម្រាប់ផលិតផលតែមួយមុខ, ស្នើឱ្យមានការអនុវត្តស្មើភាពគ្នា រវាងផលិតផលក្នុងស្រុកទាំងអស់ ដោយអនុលោមតាមគ្រប់បទបញ្ញត្តិនៃវិទ្យាស្ថានស្តង់ដារ, ស្នើឱ្យមានការអនុវត្តស្មើភាពគ្នារវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូល ដោយតម្រូវឱ្យផលិតផលនាំចូលដែលដាក់លក់ក្នុងទីផ្សារ ត្រូវមានបិទស្ទីកគ័រ ភ្ជាប់លេខ ចបផ ដូចផលិតផលក្នុងស្រុកដែរ។
លើសពីនេះទៅទៀត ស្នើឱ្យវិទ្យាស្ថានស្តង់ដារ បង្កើតគេហទំព័រ និងកម្មវិធីទូរសព្ទ ចងក្រងផលិផលក្នុងស្រុក និងនាំចូលដែលបានចុះ ច.ប.ផ រួចរាល់ ឱ្យសាធារណៈជនអាចចូលពិនិត្យភាពអនុលោមបាន ដើម្បីបង្កើនទំនុកចិត្តសម្រាប់ផលិតផលក្នុងស្រុក និងផលិតផលផ្សេងទៀតដែលកំពុងចរាចរណ៍នៅលើទីផ្សារ។
លោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មបានបញ្ជាក់ថា កន្លងមកសម្រាប់ការកែប្រែការរចនាសំបកវេចខ្ចប់ ក្នុងពេលដែល ច.ប.ផ មានសុពលភាព មិនមានយន្តការក្នុងការយកប្រាក់កម្រៃនោះទេ លើកលែងតែមានការកែសម្រួលឈ្មោះ ឬអត្តសញ្ញាណផលិតផលទើបគិតសេវា។ ជាមួយគ្នានេះ ការស្នើសុំកែប្រែស្លាកសញ្ញា និងការរចនាសំបកវេចខ្ចប់ ខុសពីសញ្ញាដើម ចាប់ពី៦០%ឡើងទៅ ក៏គិតកម្រៃសេវាដូចគ្នា។ ហើយរាល់ការកែប្រែ មិនមានការជូនដំណឹងជាមុន អំពីការកែសម្រួលទាំងនោះ ក៏គិតសេវាផងដែរ។
ដោយឡែកចំពោះសំណើរ តម្រូវឱ្យផលិតផលក្នុងស្រុកទាំងអស់ ត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់ដូចគ្នា លោកបញ្ជាក់ថា ក្រសួងតម្រូវឱ្យផលិតផល ក្នុងស្រុកទាំងអស់ ត្រូវតែចុះបញ្ជីតាមនិតិវិធីតែមួយ ដោយមិនលើកលែងផលិតផលណាមួយឡើយ។ ការជំរុញការចុះបញ្ជីផលិតផល ត្រូវបានអនុវត្តដោយវិទ្យាស្ថានស្តង់ដារកម្ពុជា និងមន្រ្តីនៅតាមមន្ទីរឧស្សាហកម្ម ទាំង២៥រាជធានីខេត្ត។ តែយ៉ាងណានេះក្តី ក្រសួងទទួលស្គាល់ថា ក្រុមហ៊ុនមួយចំនួនមិនទាន់បានចុះបញ្ជីនៅឡើយ ដោយសារតែ មធ្យោបាយគាំទ្រនៅមានកម្រិត។ ប៉ុន្តែក្រសួងនឹងពង្រឹងការចុះបញ្ជីផលិតផលថែមទៀត។
ចំណែក ការចុះបញ្ជីផលិតផលនាំចូល ត្រូវតែអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ាន លើវិស័យម្ហួបអាហារ។ រាល់ផលិតផលនាំចូលត្រូវតែមានបកប្រែជាភាសាខ្មែរ មានបញ្ជាក់ពីគ្រឿងផ្សំច្បាស់លាស់ និងត្រូវតែមានការចុះ ច.ប.ផ ដូចគ្នា៕