(ភ្នំពេញ)៖ វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា បានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា រយៈពេល២ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីពាណិជ្ជករ មកពីបណ្តាប្រទេសដែលនាំចូលសំបុកត្រចៀកកាំ ដើម្បីកែច្នៃ មានដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ថៃ ភូមា ចិន (ហុងកុង ម៉ាកា កោះតៃវ៉ាន់) និងសិង្ហបុរីជាដើម ដើម្បីសិក្សាពីគុណភាពសំបុកត្រចៀកកាំកម្ពុជា ខណៈកម្ពុជា និងចិន បាននិងកំពុងចរចាបើកទីផ្សារនាំចេញសំបុកត្រចៀកកាំ ទៅប្រទេសចិននាពេលខាងមុខ។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា «វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា» បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមានសារៈសំខាន់សម្រាប់ការស្វែងយល់កាន់តែច្រើន អំពីវិស័យត្រចៀកកាំកម្ពុជា ជាពិសេសបានផ្ដល់ឱកាស ជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិ ក្នុងការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម លើវិស័យត្រចៀកកាំ។
លោកបន្តថា «វេទិកានេះនឹងជួយជំរុញ និងបង្កើតឱកាសក្នុងការអភិវឌ្ឍវិស័យត្រចៀកកាំកម្ពុជា ក្នុងក្របខណ្ឌជាតិ និងពាណិជ្ជកម្ម ជាមួយអន្តរជាតិ ដែលនឹងចូលរួមចំណែកក្នុងការបង្កើនកម្រិតចំណូល របស់ប្រជាជនកម្ពុជា ជំរុញកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា»។
លោកបានលើកឡើងបន្ថែមថា ការធ្វើអជីវកម្មក្នុងវិស័យត្រចៀកកាំនៅកម្ពុជា បាននិងកំពុងមានការកើនឡើងជាបន្តបន្ទាប់ តាមរយៈកំណើននៃការសាងសង់ផ្ទះត្រចៀកកាំ ស្ទើរគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស រាប់ទាំងរាជធានីភ្នំពេញផងដែរ។ វិស័យត្រចៀកកាំ បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា លើការងារសាងសង់ផ្ទះត្រចៀកកាំ សម្អាតសំបុក កែច្នៃ ដឹកជញ្ចូន និងការងារនៅក្នុងខ្សែច្រវាក់ផលិតកម្មសំបុកត្រចៀកកាំដទៃទៀត និងបានជួយលើកកម្ពស់កម្រិតជីវភាព របស់អ្នកអភិរក្សផ្ទះត្រចៀកកាំ តាមរយៈការលក់សំបុកត្រចៀកកាំដើម ( មិនទាន់ សម្អាត/មិនទាន់រើសរោមចេញ) សំបុកសម្អាតរួចកែច្នៃសំបុកជាភេសជ្ជៈ និងការកែច្នៃទៅជាផលិតផល ពាក់ព័ន្ធដទៃទៀត។
លោកបន្តថា វិស័យត្រចៀកកាំ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍដល់សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិ។
លោកបានជំរុញ និងលើកទឹកចិត្តដល់សហគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា និងភាគីពាក់ព័ន្ធក្នុងវិស័យត្រចៀកកាំកម្ពុជា ត្រូវបន្តពង្រឹងគុណភាពផលិតផលសំបុកត្រចៀកកាំ បង្កើនបរិមាណផលិត ដើម្បីធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានា សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានឱ្យដឹងថា វេទិកានេះគឺជាវេទិកាលើកដំបូង ដែលអាចនិយាយបានថា ជាប្រវត្តិសាស្រ្តសម្រាប់វិស័យត្រចៀកកាំកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយសមាជិក សមាជិកានៃសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ដើម្បីផ្សព្វផ្សាយពីវិស័យសំបុកត្រចៀកកាំកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ, កសាងទំនាក់ទំនងរវាងពាណិជ្ជករក្នុងស្រុក និងអន្តរជាតិ ដើម្បីឈានដល់ការធ្វើពាណិជ្ជកម្មជាមួយគ្នាប្រកបដោយទំនុកចិត្ត, បង្កើតឱកាសឱ្យវិស័យពាក់ព័ន្ធចូលរួមគាំទ្រ និងទទួលបានផលប្រយោជន៍ តាមរយៈការបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួន និងស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលក្នុងការនាំចេញ នាំចូលផលិតផលត្រចៀកកាំដោយស្របច្បាប់។
ក្នុងវេទិកាធុរកិច្ចត្រចៀកកាំកម្ពុជានេះ ក៏មានការតាំងបង្ហាញសំបុកត្រចៀកកាំ និងផលិតផលពាក់ព័ន្ធ ការដាក់ដេញថ្លៃសំបុកត្រចៀកកាំ និងជំនួបអាជីវកម្មរវាងផលិតផលខ្មែរ និងបរទេស។
លោកស្រី ចុង ជា ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូចិនប្រចាំកម្ពុជា បានថ្លែងថា បច្ចុប្បន្ននាយកដ្ឋានពាក់ព័ន្ធនៃប្រទេសចិន និងកម្ពុជាកំពុងចរចាយ៉ាងសកម្មលើកិច្ចព្រមព្រៀង នាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន ។
លោកស្រីបន្តថា «យើងទន្ទឹងរង់ចាំការនាំចូលសំបុកត្រចៀកកាំ ដែលមានគុណភាពខ្ពស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន»។
លោកស្រីគូសបញ្ជាក់ថា ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ខណៈផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់របស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិនជាបន្តបន្ទាប់ ដូចជាអង្ករ ចេក មៀន ដូង និងកសិផលផ្សេងទៀត ព្រមទាំងផលិតផលកសិកម្មជាច្រើនត្រូវបាននាំចេញទៅប្រទេសចិន ដោយជោគជ័យ។
នាពេលបច្ចុប្បន្ន កម្ពុជាមានផ្ទះត្រចៀកកាំ ប្រមាណជាង ៥ពាន់ផ្ទះ ដោយមានកំណើនក្នុងរង្វង់ ១៥% ជារៀងរាល់ឆ្នាំ។ កំណើនសំណង់ផ្ទះត្រចៀកកាំនេះ បានធ្វើឱ្យមានកំណើនបរិមាណផលិតផលសំបុកត្រចៀកកាំ ជារៀងរាល់ឆ្នាំ ដោយជាមធ្យមមានប្រមាណ ១០០តោន ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ៕