(ភ្នំពេញ)៖ ការផ្ទុះសង្រ្គាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងរដ្ឋាភិបាលអ៊ីស្រាអែល មានរយៈពេលមួយសប្តាហ៍ហើយ ដែលគេកត់សម្គាល់ថា បន្ទាប់ពីការផ្ទះសង្រ្គាមរវាងភាគីទាំងពីរ បានធ្វើឱ្យតម្លៃទំនិញឡើងថ្លៃជាបន្តបន្ទាប់ ជាពិសេសតម្លៃប្រេងឥន្ទនៈ និងតម្លៃមាស។
អ្នកជំនាញបានលើកឡើងថា សង្រ្គាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងរដ្ឋាភិបាលអ៊ីស្រាអែល នឹងអាចជះឥទ្ធិពលជាប្រយោលមកដល់កម្ពុជា។
លោក ង៉ែត ជូ អ្នកវិភាគហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បានលើកឡើងថា សង្រ្គាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងប្រទេសអ៊ីស្រាអែល បានជំរុញឱ្យថ្លៃប្រេងឥន្ធនៈ នៅលើពិភពលោកឡើងថ្លៃ ហើយកាលណាតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិមានតម្លៃខ្ពស់ នោះតម្លៃលក់ប្រេងនៅកម្ពុជា ក៏មានការកើនខ្ពស់ដែរ ព្រោះកម្ពុជាជាប្រទេសដែលនាំចូលប្រេងឥន្ទនៈ១០០%។ ហេតុនេះហើយ ការឡើងថ្លៃប្រេងឥន្ធនៈនៅលើពិភពលោក នឹងមានឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលគ្រប់ប្រតិបត្តិការផលិតកម្ម ពាណិជ្ជកម្មសុទ្ធតែត្រូវការប្រេងឥន្ទនៈ។
ជាមួយគ្នានេះ លោកបារម្ភថា សហរដ្ឋអាមេរិកនឹងបន្តការដំឡើងអត្រាការប្រាក់ ដែលនឹងធ្វើឱ្យតម្លៃឥណទាននៅកម្ពុជា មានអត្រាការប្រាក់ខ្ពស់ ។ កត្តានេះនឹងផលផលពិបាកដល់វិស័យឯកជន ក៏ដូចជាប្រជាពលរដ្ឋមកកម្ចីនោះមកវិនិយោគ ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច និងស្វែងរកប្រាក់ចំណេញ។
លោកបន្តថា «ចង់មិនចង់ យើងជាផ្នែកមួយនៃសេដ្ឋកិច្ចពិភពលោកទាំងមូល ហេតុនេះយើងនឹងទទួលរងផលប៉ះពាល់ ដូចបណ្តាប្រទេសផ្សេងទៀត នៅក្នុងពិភពលោក»។
លោកបានលើកឡើងទៀតថា បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក ការឡើងកម្តៅចិន-តៃវ៉ាន់ សង្គ្រាមរុស្សី-អ៊ុយក្រែន ឥឡូវដល់បញ្ហាថ្មីមួយទៀត គឺសង្រ្គាមនៅអ៊ីស្រាអែល។ បញ្ហាថ្មីនេះអាចបង្កើតនូវប្លុក ឬសម្ព័ន្ធភាពដ៏គ្រោះថ្នាក់ថ្មីមួយ គឺរុស្សី-ចិន-អ៊ីរ៉ង់។ ប្រសិនបើប្លុកថ្មីនេះកើតឡើង រុស្សីបើកយុទ្ធនាការវាយលុកនៅអ៊ុយក្រែន អ៊ីរ៉ង់បើកយុទ្ធនាការវាយលុកនៅអ៊ីស្រាអែល ចិនរៀបយុទ្ធនាការវាយលុកនៅតៃវ៉ាន់ នោះហានិភ័យធំៗ របស់សេដ្ឋកិច្ចពិភពលោកនឹងបន្តអូសបន្លាយ ដែលទី១៖ នឹងធ្វើឱ្យតម្លៃប្រេងអាចនឹងបន្តឡើងថ្លៃ ដោយសារការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយ។ ទី២. អត្រាការប្រាក់បន្តមានអត្រាខ្ពស់ក្នុងរយៈពេលវែង។ កត្តាទាំង២ ខាងលើនឹងបង្កើននូវអតិផរណា (ការឡើងថ្លៃនៃទំនិញ និងសេវាកម្ម។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនានា បានបង្ហាញតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់។ តម្លៃប្រេងបានកើនឡើងជិត ៤% កាលពីថ្ងៃចន្ទបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស មលកលើប្រទេសអ៊ីស្រាអែល ដោយបាននាំមកនូវអស្ថិរភាពជាថ្មីដល់មជ្ឈិមបូព៌ា ដោយប្រេងប្រភេទ Brent ត្រូវបានជួញដូរក្នុងតម្លៃ ៨៧.៦៥ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងប្រភេទ West Texas Intermediate ជួញដូរក្នុងតម្លៃ ៨៦.១៥ដុល្លារក្នុងមួយបារ៉ែល។
លោក Ed Morse អ្នកវិភាគមកពីក្រុមហ៊ុន Citigroup Inc. បាននិយាយថា ផលប៉ះពាល់នៃជម្លោះនៅប្រទេសអ៊ីស្រាអែល នឹងជះឥទ្ធិពលដល់ទីផ្សារប្រេងមានរយៈពេលវែង។ លោកបានលើកឡើងពីហានិភ័យដែលអារ៉ាប៊ីសាអូឌីត ប្រហែលជាមិនបន្ធូរបន្ថយការកាត់បន្ថយផលិតកម្មរបស់ខ្លួន ដូចដែលមានការរំពឹងទុកមួយចំនួនទេ។
ក្រៅពីកើនឡើងគួរឱ្យបារម្ភនៃតម្លៃប្រេង តម្លៃមាសក៏កើនឡើងជាបន្តបន្ទាប់ផងដែរ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីផ្ទុះសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានធ្វើឱ្យតម្លៃហាងឆេងមាស នៅលើទីផ្សារអន្តរជាតិហក់ឡើងជាបន្តបន្ទាប់។
លោកបានគូសបញ្ជាក់ថា ក្រោយផ្ទុះអាវុធដំបូងនៅថ្ងៃសៅរិ៍ទី៧ ធ្វើឱ្យតម្លៃហាងមាសនៅថ្ងៃចន្ទ បានកើនឡើងដល់ ១៨៥០ដុល្លារ ក្នុងមួយឱន ខណៈកាលពីថ្ងៃសុក្រទី៦ ខែតុលា មុនពេលក្រុមហាម៉ាសបើកការវាយប្រហារ នៅប្រទេសអ៊ីស្រាអែល តម្លៃហាងឆេងក្នុងពេលបិទទីផ្សារនៅតម្លៃ ១៨២៨ដុល្លារប៉ុណ្ណោះ ពោលគឺកើនឡើងប្រមាណ២០ដុល្លារក្នុងមួយឱន។ មកដល់ល្ងាចថ្ងៃទី១១ ខែតុលា តម្លៃមាសបានចាប់ផ្តើមហក់ឡើងរហូតដល់១៨៧០ដុល្លារហើយ។
លោកបានឱ្យដឹងទៀតថា «សង្រ្គាមមួយនេះជឿជាក់ថា នឹងអូសបន្លាយទៅបន្តិចទៀត រង់ចាំដំណោះស្រាយណាមួយ ដែលល្អប្រសើរ សម្រាប់ទីផ្សារខ្ញុំជឿជាក់ថា វានឹងបន្តឡើងទៅទៀត អាចរហូតទៅដល់១៩០០ដុល្លារក្នុងមួយឱន»។
ចំណែកតម្លៃហាងឆេងមាសនៅកម្ពុជាវិញ កាលពីថ្ងៃសុក្រទី ៦តុលា មានតម្លៃ ២២១ដុល្លារក្នុងមួយ ឬ២២១៕