(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលប្រមាណជាង ៥.៥លានតោនទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៧១ប្រទេស ដោយទទួលបានចំណូលជាង ៣ ២១៣លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម។
របាយការណ៍បានឱ្យដឹងថា ក្នុងចំណោមកសិផលដែលបាននាំចេញទាំងជាង ៥លានតោននេះ ក្នុងនោះការនាំចេញអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវចំនួនជាង ១.៨លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ៣.៣ លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស ថយចុះចំនួនជាង ១៣%។
ចំណែកតម្លៃដែលទទួលបានពីការនាំចេញកសិផលសរុបមានចំនួនជាង ៣ ២១៣ លានដុល្លារអាមេរិក ក្នុងនោះនាំចេញអង្ករទទួលបានថវិកាជិត ៣៩៥ លានដុល្លារអាមេរិក, ការនាំចេញស្រូវទទួលបានជាង ៦៥៨លានដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជិត ២ ១៦០ លានដុល្លារអាមេរិក។
ក្រសួងកសិកម្មបានលើកឡើងថា ថ្វីត្បិតតែការនាំចេញកសិផលក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ នៅតែបន្តមានបរិមាណតិចជាងកាលពីឆ្នាំ២០២២។ ប៉ុន្តែបើធៀបទៅនឹងរយៈពេល ៨ខែឆ្នាំ២០២៣ ឃើញថា មានកំណើនចំនួន ២.៤២ % ដែលជាក្តីសង្ឃឹមថា ការនាំចេញនឹងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ នៅក្នុងខែខាងមុខៗទៀត ពិសេសដំឡូងមីស្រស់។
បើទោះបីជាកសិផលកម្ពុជានាំចេញធ្លាក់ចុះក្នុងរយៈពេល ៩ខែនេះក៏ដោយ តែយ៉ាងនេះក្តីអ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Group បានបង្ហាញនូវសុទិដ្ឋិនិយមថា ទីផ្សារផលិតផលកសិកម្មរបស់កម្ពុជានឹងកើនឡើងនាពេលខាងមុខ ស្របជាមួយនឹងតម្រូវការសាកលដែលកំពុងមានវិបត្តិស្បៀងអាហារ។
លោកបានលើកឡើងថា វិស័យកសិកម្ម គឺចន្ទល់រឹងមាំសម្រាប់កម្ពុជា ខណៈរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចាកោណ ដោយក្នុងនោះបានផ្សារភ្ជាប់ លើកកម្ពស់វិស័យឯកជន ដើម្បីជំរុញការស្វែងរកទីផ្សារ និងផលិតភាពនៃការផលិតឲ្យត្រូវ និងតម្រូវការទីផ្សារសម្រាប់ការនាំចេញ៕