(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ គ្រោងពង្រីកកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មានឥណទានអតិថិជនរវាងគ្នា ដើម្បីលើកកម្ពស់ការផ្តល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
គម្រោងពង្រីកកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មានឥណទានអតិថិជនរវាងកម្ពុជា និងថៃ ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា។
កិច្ចពិភាក្សាក្នុងជំនួបនេះ ផ្តោតសំខាន់លើកិច្ចការលើកកម្ពស់កិ ច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ នាពេលកន្លងមក និងការផ្លាស់ប្តូរទស្សនពីគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំថែមទៀត សំដៅរួមចំណែកដល់ការរីកចម្រើន វិស័យធនាគារនិងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ បានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អ លើផ្នែកជាច្រើនដូចជា ការផ្លាស់ប្តូរទស្សនកិច្ចចែករំលែកបទពិសោធន៍ លើការងារជំនាញការទទួលអាហារូបករណ៍ សម្រាប់មន្ត្រីធនាគារជាតិនៃកម្ពុជា ទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសថៃ និងជាពិសេសកិច្ចសហការ លើការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា ជាក់ស្តែងប្រទេសថៃជាប្រទេសដំបូងគេ ដែលប្រទេសកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងផ្ទេរប្រាក់ឆ្លងដែនដែលកិច្ចសហការនេះ បានរួមចំណែកយ៉ាងសំខាន់ ដល់ការគាំទ្រពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ក្នុងប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ស្របតាមគោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកស្រីបណ្ឌិតបានបន្ថែមថា ធនាគារកណ្តាលទាំងពីរ បាននិងកំពុងអភិវឌ្ឍប្រព័ន្ធផ្ទេរប្រាក់ សម្រាប់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ដើម្បីឱ្យការផ្ទេរមកកាន់ក្រុមគ្រួសារនៅកម្ពុជា ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងចំណាយទាប។
លោកស្រីទេសាភិបាល ក៏បានលើកឡើងពីគម្រោងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ការចែករំលែកព័ត៌មានឥណទាន អតិថិជនរវាងប្រទេសកម្ពុជា និងថៃ ដើម្បីលើកកម្ពស់ការផ្តល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
ស្របពេលវិស័យហិរញ្ញវត្ថុប្រទេសទាំងពីរ បន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស លោកស្រីទេសាភិបាល មានសុទិដ្ឋិនិយមថា ធនាគារកណ្តាលប្រទេសទាំងពីរ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែសម្បូរបែបថែមទៀតនាពេលខាងមុខ។
លោក Cherdkiat Atthakor បានយកឱកាសនេះ អបអរសាទរលោកស្រីបណ្ឌិត ជា សិរី ក្នុងតួនាទីជាទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងបានរំលេចពីភាពលេចធ្លោរបស់លោកស្រី ដែលតែងផ្តួចផ្តើមបង្កើតគម្រោងថ្មីៗ ប្រកបដោយនវានុវត្ត៍ ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា។
លោកបានបន្ដថា ការណ៍នេះមិនត្រឹមតែបានពង្រឹងភាពរឹងមាំ នៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរជាពិសេសខាងផ្នែកហិរញ្ញវត្ថុ។
លោក Cherdkiat Atthakor ក៏បានថ្លែងកោតសរសើរ ដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដែលបានខិតខំយ៉ាងខ្លាំង ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិនានា និងយុទ្ធនាការផ្សព្វផ្សាយជាច្រើន រួមទាំងការបង្កើតសារៈមន្ទីរព្រះស្រីឦសានវរ្ម័ន ដែលបានលើកកម្ពស់ការយល់ដឹង របស់សាធារណជន ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល និងប្រវត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជា។
ឯកអគ្គរាជទូតបានសម្តែងការគាំទ្រ និងត្រៀមខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរ ឱ្យកាន់តែរឹងមាំ៕