(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី ការផ្សព្វផ្សាយបទប្បញ្ញត្តិ និងនីតិវិធីគយលើការនាំចេញមុខទំនិញថ្មធម្មជាតិ។
សមាសភាពចូលរួមមាន ប្រធាន អនុប្រធាន និងសមាជិកសមាគមអាជីវកម្មថ្មក្រានីតកម្ពុជា, ក្រុមហ៊ុនប្រកបអាជីវកម្មនិងនាំចេញថ្មកែច្នៃ និងមន្ត្រីគយនិងរដ្ឋាករ ជាច្រើនរូបទៀត។
បណ្ឌិត គុណ ញឹម បានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែសម្រួលអត្រាអាករនាំចេញលើប្រភេទថ្មកែច្នៃ ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ២៩៩ អនក្រ.បក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ការធ្វើសាមញ្ញកម្មបែបបទ និងនីតិវិធីគយ ដែលការយល់ដឹងច្បាស់លាស់ ទៅលើកិច្ចការទាំងនេះ គឺជាកត្តាសំខាន់ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ បង្កើនអនុលោមភាព និងប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនោះ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញលម្អិតអំពីការកែសម្រួលអត្រាអាករនាំចេញតាមប្រភេទ និងកម្រិតនៃការកែច្នៃថ្ម ដោយរំលេចលេខកូដសំគាល់ជាក់លាក់ ស្របតាមតារាងពន្ធគយ ជាធរមានរបស់កម្ពុជា។ ដើម្បីឲ្យកាន់តែច្បាស់ និងចៀសវាងការចាត់ថ្នាក់ទំនិញខុសលេខកូដ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានលើកឡើងនូវលក្ខណៈបច្ចេកទេសអម ដោយរូបភាពតាមប្រភេទ និងកម្រិតនៃការកែច្នៃថ្ម។
បន្ថែមលើនេះ លោកបណ្ឌិតអគ្គនាយក ក៏បានជម្រាបអំពីការកែសម្រួលនីតិវិធី និងបែបបទគយមួយចំនួន ដើម្បីសម្រួលដល់ការនាំចេញឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានរៀបចំឱ្យមានខ្សែទូរសព្ទ Hotline ចំនួន២ខ្សែ ដែលធុរជន/អាជីវករអាចទំនាក់ទំនងសុំការបំភ្លឺ ឬដោះស្រាយជាបន្ទាន់ ក្នុងករណីអាជីវករជួបប្រទះនឹងបញ្ហាពាក់ព័ន្ធនឹងការនាំចេញថ្មធម្មជាតិ។
នៅក្នុងកិច្ចប្រជុំនេះក៏មានកម្មវិធីសំណួរ/ចម្លើយ យ៉ាងផុលផុសជុំវិញប្រធានបទអាជីវកម្មរ៉ែថ្មនេះ ហើយលោកឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគម និងជាតំណាងអាជីវករក្នុងវិស័យនេះ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងបានដាក់ចេញនូវវិធានការ ជាគោលនយោបាយ បន្ធូរបន្ថយពន្ធអាករ និងវិធានការជាក់លាក់ដទៃទៀត ដើម្បីជួយដល់អាជីវកម្មកែច្នៃ និងនាំចេញថ្មធម្មជាតិ ឲ្យដំណើរការទៅបានល្អប្រសើរ៕