(ភ្នំពេញ)៖ ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាប បានដាក់ក្តីរំពឹងខ្ពស់ថា ខេត្តសៀមរាប នឹងអាចទាក់ទាញភ្ញៀវពីប្រទេសកូរ៉េខាងត្បូង ឱ្យមកទស្សនាកម្សាន្តខេត្តនេះច្រើនឡើងវិញ ខណៈចាប់ពីខែតុលានេះ គឺជារដូវភ្ញៀវមកលេងច្រើន។

ការរំពឹងរបស់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបនេះ ធ្វើឡើងបន្ទាប់ពីក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline បានប្រកាសថា នឹងចាប់ផ្តើមហោះហើរត្រង់ ទៅមករវាងសៀមរាប- អ៊ីនឆន់ ប្រទេសកូរ៉េ ចាប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline បានឱ្យដឹងថា «ទីបំផុតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ត្រូវបានសាងសង់រួចរាល់ហើយ។ លេខកូដ៣ ថ្មី សម្រាប់អាកាសយានដ្ឋានថ្មី គឺ «SAI» ហើយក្រុមហ៊ុនអាកាសចរណ៍ Sky angkor នឹងចាប់ផ្តើមបើកដំណើរការជើងហោះហើរ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ពីសៀមរាបទៅកាន់អ៊ីនឆន់ និងពីអ៊ីនឆន់ មកសៀមរាប»

លោក ហ្វីលិប សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការបើកដំណើរការជើងហោះហើរត្រង់រវាង សៀមរាប និងទីក្រុងអ៊ិនឆន់ ប្រទេសកូរ៉េ គឺជាដំណឹងដ៏ល្អមួយ ដែលលោករំពឹងថា នឹងទទួលបានភ្ញៀវទេសចរកូរ៉េ វិលត្រឡប់មកកម្សាន្តទស្សនាខេត្តសៀមរាប ក្នុងបរិមាណច្រើនឡើងវិញ ខណៈដែលកន្លងភ្ញៀវទេសចរកូរ៉េ បាននាំមុខគេដែលមកកម្សាន្តខេត្តនេះច្រើនជាងគេ។

លោកបន្តថា ចាប់តាំងការរីករាលដាលជំងឺកូវីដមកទល់បច្ចុប្បន្ននេះ ភ្ញៀវកូរ៉េនៅសៀមរាប មិនទាន់ងើបឡើងមកវិញនោះ ដោយសារតែគ្មានជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប។

លោកបានឱ្យដឹងថា កាលពីអំឡុងក្នុងឆ្នាំ២០១០ ទៅ ២០១៥ ភ្ញៀវកូរ៉េបាននាំមុខគេ ដែលបានមកទស្សនានៅខេត្តសៀមរាបច្រើន។ ប៉ុន្តែក្រោយមកបានធ្លាក់ចុះបន្តិចវិញ ដែលនាំភ្ញៀវចិននាំមុខវិញ។

លោកលើកឡើងទៀតថា «ព័ត៌មានថាក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline នឹងចាប់ផ្តើមហោះហើរត្រង់កូរ៉េមកសៀមរាប វាជាព័ត៌មានមួយល្អ ហើយសង្ឃឹមថាភ្ញៀវកូរ៉េ នឹងមកកាន់ខេត្តសៀមរាបច្រើនសារឡើងវិញ ដូចកាលពីអំឡុងឆ្នាំ២០១០ ២០១៥ដែរ ។ កាលនោះភ្ញៀវកូរ៉េច្រើន ហើយភ្ញៀវកូរ៉េនៅតែចូលចិត្តមកលេងទស្សនា ខេត្តសៀមរាបដដែល»

ជាមួយគ្នានេះលោកថា ក្តីសង្ឃឹមរបស់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប គឺបន្ទាប់ពីអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ដែលនឹងបើកដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងនាំឱ្យមានជើងហោះហើរត្រង់ មកពីបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់មកកាន់ខេត្តសៀមរាបកាន់តែច្រើន។ ប្រសិនបើតម្លៃនៃការហោះហើរ មានភាពប្រកួតប្រជែងគ្នានោះ នឹងអាចទាក់ទាញភ្ញៀវទេសចរបានច្រើន ព្រោះបច្ចុប្បន្ននេះ នៅខេត្តសៀមរាប ទាំងអាជ្ញាធរខេត្ត និងវិស័យឯកជន បានសហការគ្នា រៀបហេដ្ឋារចនាសម្ព័ន្ធ និងតំបន់មានសក្តានុពលជាច្រើន ក៏ដូចជាជំរុញការផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យត្រឡប់មកវិញផងដែរ។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះថា ការបើកដំណើរការជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងអ៊ិនឆន់ គឺជាឱកាសល្អដែលនាំយកភ្ញៀវទេសចរកូរ៉េ មកទស្សនាអង្គរវត្ត ខេត្តសៀមរាប។

លោកបានឱ្យដឹងថា មុនពេលរាតត្បាតនៃជំងឺកូវីដ១៩ មានជើងហោះហើរត្រង់មួយចំនួន មកពីទីក្រុងសេអ៊ូល មកសៀមរាប ហើយតាមរយៈជើងហោះពីប្រទេសនេះ ក៏បាននាំយកមកភ្ញៀវទេសចរ ពីប្រទេសផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក មកទស្សនានៅខេត្តសៀមរាបទៀតផង។

លោកបន្ថែមថា «មុនសម័យកូវីដ នៅខេត្តសៀមរាប មានភ្ញៀវកូរ៉េច្រើនជាពិសេស នៅអំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨ មកភ្ញៀវកូរ៉េក៏បានចាប់ធ្លាក់ចុះបន្តិចម្តងៗ»

ទាក់ទងនឹងស្ថានភាពវិស័យទេសចរណ៍ នៅខេត្តសៀមរាបក្នុងរដូវភ្ញៀវច្រើន (High Season )លោកកត់សម្គាល់ថា ចាប់ពីខែតុលានេះ ភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប ហាក់មានភាពប្រសើរឡើងបន្តិចហើយ ដោយសារជារដូវ High Season ជាពេសវេលាដែលភ្ញៀវទេសចរ មកពីប្រទេសនានា ដែលមកអាកាសធាតុត្រជាក់ខ្លាំង ចេញដើរកម្សាន្ត ហើយក្នុងនោះគេបានសំឡឹងប្រទេស ដែលមានអាកាសធាតុក្តៅដូចកម្ពុជា សម្រាប់សម្រាកកម្សាន្ត ដែលអាចមានរយៈពេលចន្លោះពី ១សប្តាហ៍ទៅ១ខែ។

លោកមានប្រសាសន៍បន្តថា «មគ្គុទ្ទេសក៍ទេសចរណ៍ ហាក់មានការមមាញឹកច្រើន ដោយទទួលបានការកក់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ពីភ្ញៀវច្រើនជាង កាលពីខែ៥ ទៅខែ៩។ ជាក់ស្តែងខ្ញុំទទួលបានការកក់ប្រមាណ ៧ក្រុម ដែលកាលពីខែមុនទទួលបានតែ ២ក្រុមប៉ុណ្ណោះ។ ឥលូវនេះចាប់ពីខែវិច្ឆិកាទៅដល់ខែមេសា ខ្ញុំទទួលបានការកក់ជាមធ្យម ៥ទៅ ៦ក្រុមក្នុងមួយខែ។ នេះមិនគិតពីភ្ញៀវក្នុងស្រុកទេ»

យ៉ាងនេះក្តី លោកលើកឡើងថា ដើម្បីឱ្យភ្ញៀវទេសចរមកកម្សាន្តម្តងហើយចង់មកកម្ពុជាម្តងទៀត ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាត្រៀមលក្ខណៈរៀបចំឱ្យមានរបៀបរៀបរយទាំងហេដ្ឋារចនាសម្ព័ន្ធ មានបរិស្ថានស្អាត មានសន្តិសុខសណ្ឋាប់ល្អ ដើម្បីធ្វើឱ្យមានសោភ័ណភាពល្អ ភ្ញៀវសប្បាយចិត្ត។

ជាមួយគ្នានេះ លោកសំណូមពរដល់អ្នកបម្រើសេវាអន្តោប្រវេសន៍ នៅក្នុងព្រលានយន្តហោះ និងនៅតាមច្រកព្រំដែនមួយចំនួន សូមមានភាពរួសរាយរាក់ ញញឹមស្វាគមន៍ភ្ញៀវ ព្រោះកន្លងមកលោកសង្កេតឃើញថា បុគ្គលិកបម្រើសេវាអន្តោប្រវេសន៍មួយចំនួន មានកាយវិការមិនសូវសមរម្យ និងមានទឹកមុខមាំដាក់ភ្ញៀវ។

ក្រសួងទេសចរណ៍បានឱ្យដឹងថា សម្រាប់រយៈពេល ៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣.៥ លាននាក់ កើនឡើង ២៥០.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ ចំនួននេះនៅមានការថយចុះ ១៩.៧% នៅឡើយ។

តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤.៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ៕