(ហុងកុង)៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន Evergrande ដែលជំពាក់បំណុលយ៉ាងខ្លាំងនៅថ្ងៃចន្ទបានដាក់ពាក្យស្នើសុំទៅកាន់ផ្សារហ៊ុនក្រុងហុងកុងដើម្បីបន្តការជួញដូរភាគហ៊ុនរបស់ខ្លួនឡើងវិញ នៅព្រឹកអង្គារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមហ៊ុន Evergrande បានក្លាយជានិមិត្តរូបនៃវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលបានមើលឃើញមានក្រុមហ៊ុនល្បីៗជាច្រើនបានជាប់ក្នុងបំណុលយ៉ាងច្រើនដែលបង្កឱ្យមានការភ័យខ្លាចថាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែទូលំទូលាយរបស់ប្រទេសចិន និងការរីករាលដាលដែលអាចកើតមាននៅទូទាំងពិភពលោក។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយលើគេហទំព័ររបស់ផ្សារហ៊ុនក្រុងហុងកុងថា៖ «ពាក្យស្នើសុំត្រូវបានធ្វើឡើងដោយក្រុមហ៊ុនទៅកាន់ផ្សារហ៊ុនដើម្បីស្នើសុំជួញដូរឡើងវិញ ... ដោយមានប្រសិទ្ធភាពចាប់ពីម៉ោង ៩ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៣តទៅ»

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនេះបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ប្រធានក្រុមហ៊ុនរបស់ខ្លួនត្រូវបានជាប់សង្ស័យថាមាន «បទឧក្រិដ្ឋខុសច្បាប់» បន្ទាប់ពីបានផ្អាកការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុននៅថ្ងៃនោះ។

ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍របស់ក្រុមហ៊ុននេះទៅកាន់ទីផ្សារហ៊ុននេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោក Xu Jiayin ប្រធានក្រុមហ៊ុន Evergrande ត្រូវបានប៉ូលិសឃុំខ្លួន។

គ្មានហេតុផលជាក់លាក់ណាមួយត្រូវបានផ្តល់ឱ្យសម្រាប់ការសម្រេចចិត្តផ្អាកការជួញដូរភាគហ៊ុនកាលពីសប្តាហ៍មុននោះទេ។ ការផ្អាកការជួញដូរនេះបានប៉ះពាល់ដល់សេវាកម្មអចលនទ្រព្យរបស់ក្រុមហ៊ុន Evergrande និងអង្គភាពរថយន្តអគ្គិសនីរបស់ក្រុមហ៊ុននេះផងដែរ។

ការដាក់ពាក្យស្នើសុំជួញដូរភាគហ៊ុនឡើងវិញនៅថ្ងៃចន្ទនេះបានអនុវត្តចំពោះក្រុមហ៊ុន Evergrande Group និងផ្នែកសេវាកម្មរបស់ក្រុមហ៊ុននេះ ខណៈពេលដែលមិនមានសំណើបែបនេះសម្រាប់អង្គភាពរថយន្តអគ្គិសនីឡើយ។

ហេតុការនេះបានកើតមានឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះគិតចាប់តាំងពីក្រុមហ៊ុនបានបន្តការជួញដូរភាគហ៊ុនវិញបន្ទាប់ពីការផ្អាករយៈពេល ១៧ខែដោយសារការបរាជ័យក្នុងការចេញផ្សាយលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន។

ក្រុមហ៊ុន Evergrande ត្រូវបានប៉ាន់ប្រមាណថាមានបំណុលចំនួន ៣២៨ពាន់លានដុល្លារអាមេរិកគិតត្រឹមដំណាច់ខែមិថុនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕