(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ខ្លួនបានបើកការស៊ើបអង្កេតមួយដែលអាចឈានទៅដល់ការដកហូតពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន បន្ទាប់ពីមានការប្តឹងផ្តល់ពីក្រុមហ៊ុនផលិតក្នុងស្រុក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយរដ្ឋាភិបាលវៀតណាមថា ក្រុមហ៊ុនផលិតនៅក្នុងប្រទេសវៀតណាមបានអះអាងថា ការលក់បង្ខូចថ្លៃនូវប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលមានដើមកំណើតពីប្រទេសចិនបានបណ្តាលឱ្យមាន «ការខូចខាតយ៉ាងសំខាន់» ដល់ពួកគេ។

សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា៖ «ក្នុងករណីចាំបាច់ ដោយផ្អែកលើលទ្ធផលស៊ើបអង្កេតបឋម ក្រសួងពាណិជ្ជកម្មអាចអនុវត្តវិធានការប្រឆាំងការលក់បង្ខូចថ្លៃបណ្តោះអាសន្ន ដើម្បីទប់ស្កាត់សកម្មភាពការលក់បង្ខូចថ្លៃដែលប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក»

រដ្ឋាភិបាលវៀតណាមមិនបានកំណត់ពេលវេលាសម្រាប់ការបញ្ចប់ការស៊ើបអង្កេតនោះទេ។ ទាំងគយវៀតណាម និងការិយាល័យស្ថិតិមិនបានផ្តល់ទិន្នន័យស្តីពីការនាំចូលប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ទេ ។

យោងតាមក្រសួងពាណិជ្ជកម្មវៀតណាម ក្រុមហ៊ុនផលិតក្នុងស្រុកបានស្នើឡើងនូវអត្រាពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃ ៩៧ ភាគរយ។

ប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលប្រទេសវៀតណាមបច្ចុប្បន្នទទួលបានពន្ធក្នុងឋានៈជាប្រទេសអនុគ្រោះពន្ធបំផុត (MFN) ៣ ភាគរយ។

វៀតណាមកំពុងព្យាយាមជំរុញថាមពលខ្យល់ ខណៈដែលប្រទេសនេះចាប់ផ្តើមការផ្លាស់ប្តូរទៅរកអព្យាក្រឹតកាបូននៅពាក់កណ្តាលសតវត្សនេះ ដែលមានបំណងផលិតអគ្គិសនីពីកម្លាំងខ្យល់ចំនួន ១៨,៥ភាគរយនៃថាមពលសរុបនៅឆ្នាំ២០៣០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕